
រដ្ឋធានីតេហ៊ីរ៉ង់៖ ស្របពេលកងទ័ពសហរដ្ឋអាម៉េរិក និងកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ កំពុងតែដំឡើងសាច់ដុំដាក់គ្នាជាលើកដំបូង រហូតឈានដល់ការវាយប្រហារគ្នាទៅវិញទៅមកជាថ្មី ចាប់តាំងពីខែកក្កដានោះមក ឥឡូវលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមថា នឹងវាយប្រហារទៅលើទីតាំងដែលសង័្សយ ជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។

បណ្ដាទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា កងទ័ពសហរដ្ឋអាម៉េរិក អាចនឹងវាយប្រហារទៅលើភ្នំត្រសេះ (Pickaxe Mountain) ស្ថិតក្នុងប្រទេសអ៊ីរ៉ង់ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ភ្នំត្រសេះនេះ មានទីតាំងនៅជិតរោងចក្រចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមណាតាន់ហ្ស៍ (Natanz) របស់ប្រទេសអ៊ីរ៉ង់ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដបិសាចដែនអាកាស B-2 កាលពីអំឡុងឆ្នាំ២០២៥។ មូលដ្ឋានដ៏សំខាន់នៅក្រោមភ្នំមួយនេះ ក្លាយជាទីតាំងមានការការពារយ៉ាងតឹងរ៉ឹងបំផុត និងមានប្រព័ន្ធផ្លូវរូងក្រោមដីចំនួនពីរ ដែលបានសាងសង់យ៉ាងជ្រៅ នៅខាងក្នុងទីនោះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាបញ្ហា«មិនសំខាន់» (ឬជារឿងតូចតាចមួយតែប៉ុណ្ណោះ) សម្រាប់សហរដ្ឋអាម៉េរិក។ ការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកើតឡើង ត្រឹមតែមួយថ្ងៃ បន្ទាប់ពីអនុប្រធានាធិបតីរបស់គាត់ គឺលោក ជេឌី វ៉ែនស៍ (JD Vance) បានបញ្ជាក់ ថា លោកនឹងមិនចាត់ទុកជម្លោះនេះថា ជាសង្គ្រាមនោះឡើយ។

ម្ចាស់សេតវិមានរូបនេះ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ខណៈបានសួរទៅលើការធ្វើអត្ថាធិប្បាយរបស់លោក វ៉ែនស៍ ថា៖«មនុស្សជាច្រើន មិនហៅជម្លោះនេះថា ជាសង្គ្រាមនោះទេ។ សម្រាប់ខ្ញុំ វាគ្រាន់តែជាជម្លោះយោធាតែប៉ុណ្ណោះ ព្រោះវាជារឿងតូចតាច សម្រាប់យើង។ ជម្លោះនេះ មិនមែនជារឿងធំដុំអ្វីនោះឡើយ។ យើងធ្លាប់ដោះស្រាយបញ្ហាបែបនេះ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហើយយើងក៏បានធ្វើរឿងនេះដូចគ្នានោះដែរ»៕




