
ថៃ៖ អាជ្ញាធរ និងកងកម្លាំងស្រុកមឿងជលបុរី (Mueang Chonburi) កំពុងឆ្លេឆ្លា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីហេតុការណ៍រថភ្លើងក្រឡាប់ដ៏រន្ធត់ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចជិតកន្លែងឆ្លងកាត់ផ្លូវរថភ្លើង ក្នុងភូមិ១ ឃុំណងខាងខក (Nong Khang Khok) ស្រុកមឿងជលបុរី ខេត្តជលបុរី។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លើងដឹកទំនិញមួយខ្សែនេះ បានធ្វើដំណើរចាកចេញពីស្ថានីយហួថាខេ (Hua Takhe) ក្នុងរាជធានីបាងកក ហើយកំពុងតែតម្រង់ទិសដៅទៅកាន់កំពង់ផែឡែមឆាបាំង (Laem Chabang)។ ប៉ុន្តែ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថភ្លើងក៏បានជួបឧបទ្ទវហេតុធ្លាក់ផ្លូវ បណ្ដាលឱ្យទូរថភ្លើងចំនួន៣ទូ ក្រឡាប់ផ្ងារពោះចូលទៅក្នុងព្រៃក្បែរនោះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអាជ្ញាធរក្នុងតំបន់។

ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានប្រញាប់ប្រញាល់ចុះទៅដល់ទីតាំងផ្ទាល់ ដោយបានរត់ខ្វែងជើងគ្នា និងរុលចូលព្រៃ ហើយកាប់ឆ្ការ ដើម្បីរុករកក្រែងមានអ្នករងរបួស ឬអ្នករងគ្រោះថ្នាក់។ ទោះជាយ៉ាងណា ផ្អែកតាមការបញ្ជាក់ផ្លូវការពីអាជ្ញាធរបានឱ្យដឹងថា ឧបទ្ទវហេតុមួយនេះ មិនបានបណ្ដាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះឡើយ៕





