កូរ៉េខាងជើង ប្រកាសបញ្ជូនអត្តពលិក១០០នាក់ ទៅដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅជប៉ុន
ហៀប ស៊ីថេត
20 ម៉ោងមុន

រាជធានីតូក្យូ៖ ប្រទេសកូរ៉េខាងជើង បានសម្រេចបញ្ជូនក្រុមអត្តពលិក ប្រមាណ១០០នាក់ លើប្រភេទកីឡាចំនួន១៤មុខ ឱ្យចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ ដែលនឹងរៀបចំឡើង នៅលើទឹកដី នៃប្រទេសជប៉ុន នាចុងឆ្នាំ២០២៦នេះ។ នេះបើតាមការទម្លាយឱ្យដឹង ពីអគ្គលេខាធិការ នៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើង។

ការឈានជើងចូលទៅជាន់ទឹកដីជប៉ុន នាពេលនេះ បានធ្វើឡើង ចំពេល​​ទំនាក់ទំនងការទូត រវាងក្រុងព្យុងយ៉ាង និងក្រុង​តូក្យូ តែងតែមាន​ភាពតានតឹងយ៉ាងខ្លាំង និងប្រឈមមុខដាក់គ្នាជាប្រចាំ។ កន្លងមក កូរ៉េខាងជើង ​បានបដិសេធបញ្ជូនកីឡាកររបស់ខ្លួន ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅរាជធានីតូក្យូ កាលពីឆ្នាំ២០២១ ក្រោមលេសបារម្ភពីវិបត្តិកូវីដ-១៩​។ បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍កីឡាអាស៊ី នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីឆ្នាំ២០២៣ កូរ៉េខាងជើង បានបញ្ជូនកីឡាកររហូតដល់១៨៥នាក់ លើប្រភេទកីឡាចំនួន១៨ ដោយប្រមូលបានមេដាយមាស ចំនួន១១គ្រឿង ប្រាក់ចំនួន១៨គ្រឿង និងសំរឹទ្ធ ១០គ្រឿង។  សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នឹងត្រូវរៀបចំឡើង នៅខេត្តអាយជី (Aichi) និងក្រុងណាហ្កោយ៉ា (Nagoya) ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដោយរំពឹងថា នឹងមានអត្តពលិក ជាង១១ ០០០នាក់ មកពីប្រទេសចំនួន៤៥ ចូលរួមប្រកួតប្រជែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត