គ្រោះរញ្ជួយដី៥,៩រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន បណ្ដាលឱ្យមនុស្សជាង៣០នាក់រងរបួស
N
Nary Vann
16 ម៉ោងមុន

រាជធានីតូក្យូ៖ គ្រោះរញ្ជួយដីកម្រិតមធ្យម៥,៩រ៉ិចទ័រ បានវាយប្រហារភាគខាងកើតនៃប្រទេសជប៉ុន ទាំងកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ ដោយបានបង្កជារំញ័រយ៉ាងខ្លាំងក្លានៅក្នុងរាជធានីតូក្យូ និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៣៧នាក់រងរបួសស្រាល។ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយជប៉ុន។

ភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ផ្ចិតនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងជម្រៅ៧០គីឡូម៉ែត្រ នៃភាគខាងត្បូងខេត្តអ៊ីបារ៉ាគិ Ibaraki។ រំញ័របានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនភ្ញាក់ពីដំណេកទាំងភិតភ័យ ដោយមនុស្សភាគច្រើនបានរងរបួសស្រាលដោយសារការដួល ឬទង្គិចជាមួយគ្រឿងសង្ហារឹម និងទ្វារពេលរត់ចេញពីបន្ទប់។ គ្រោះរញ្ជួយដីនេះ បានបង្កឱ្យសេវារថភ្លើងជាច្រើនខ្សែរងការយឺតយ៉ាវ និងផ្អាកដំណើរការបណ្តោះអាសន្ន មុនពេលបន្តប្រតិបត្តិការឡើងវិញ។ យ៉ាងណាមិញ ប្រព័ន្ធសុវត្ថិភាពនៅរោងចក្រថាមពលបរមាណូ មិនទទួលរងការប៉ះពាល់ណាមួយឡើយ ហើយអាជ្ញាធរក៏មិនបានចេញការព្រមានអំពីរលកស៊ូណាមិនោះដែរ។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធប្រញាប់ប្រញាល់វាយតម្លៃការខូចខាត និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ជូនសាធារណជន ខណៈដែល JMA បានព្រមានពលរដ្ឋឱ្យត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការរញ្ជួយដីបន្តបន្ទាប់ ដែលអាចកើតមានក្នុងអំឡុងពេលមួយសប្តាហ៍ខាងមុខ។ គួររំឭកដែរថា​ កាលពីខែមុន គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារតំបន់គូម៉ាម៉ូតូ Kumamoto លើកោះគីយូស៊ូ Kyushu ភាគខាងត្បូងបំផុតរបស់ប្រទេសជប៉ុន ដោយបានសម្លាប់មនុស្ស៣៨នាក់ និងរងរបួស៣៦៤នាក់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត