
រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជាឃាត់ខ្លួនស្ត្រីជនបរទេសម្នាក់ ដែលលាក់គ្រឿងញៀនប្រភេទកញ្ឆាក្រៀមទម្ងន់ជាង៣០គីឡូក្រាមនៅក្នុងវ៉ាលិស បម្រុងដឹកជញ្ជូនចេញទៅក្រៅប្រទេស....។

យោងតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានត្រួតពិនិត្យ និងសង្ស័យលើសកម្មភាពមិនប្រក្រតីរបស់ជនសង្ស័យ ជាស្រ្តីអ្នកដំណើរម្នាក់ ដែលរៀបនឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជាលទ្ធផល មន្ត្រីគយ បានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន៧១ដុំ មានទម្ងន់សុទ្ធសរុប៣៤,៥គីឡូក្រាម។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុរួច មន្ត្រីគយបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕




