
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលដៅបង្កើតមុខរបរ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា…។

ពិធីប្រកាសនេះ ប្រព្រឹត្តទៅក្រោមអធិបភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូត, ដៃគូអភិវឌ្ឍន៍, តំណាងគ្រឹះស្ថាន សមាគមឯកជន, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ត្រូវបានអនុម័តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម, ទ្រទ្រង់កំណើនសេដ្ឋកិច្ច , ពង្រឹងភាពធន់ទៅនឹងវិបត្តិថាមពល, បង្កើតការងារ និងជ្រោមជ្រែងការងើបឡើងវិញនៃធរុកិច្ច។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ ត្រូវបានបែងចែកចេញជាកញ្ចប់អន្តរាគមន៍ចំនួន៣ រួមមាន៖ កញ្ចប់អន្តរាគមន៍ទី១ មានវិធានការសរុបចំនួន ១៥ ក្នុងការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ ផ្តោតលើប្រជាជនក្រីក្រ ងាយរងហានិភ័យ និងអាជីវករខ្នាតមីក្រូ តូច និងមធ្យម។ កញ្ចប់អន្តរាគមន៍ទី២ មានវិធានការសរុបចំនួន៤ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ផ្សារភ្ជាប់នឹងការបង្កើតមុខរបរ ផ្តោតលើការគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញដែលមានស្រាប់ និងរៀបចំកម្មវិធីបណ្ដុះបណ្ដាលថ្មីៗដែលឆ្លើយតបនឹងតម្រូវការទីផ្សារ។

កញ្ចប់អន្តរាគមន៍ទី៣ មានវិធានការសរុបចំនួន៨ ក្នុងការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នឥន្ធនៈ ឬប្រេងឥន្ធនៈ។ វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងពេលដំណាលគ្នាចាប់ពីឆមាសទី២ ឆ្នាំ២០២៦តទៅ៕



