
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំដំឡើងកៅអីសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់មួយចំនួនក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២៦នេះ ដើម្បីសម្រួលដល់ភ្ញៀវដែលធ្វើដំណើរទស្សនាប្រាសាទ និងរួមចំណែកការពារសំណង់បុរាណពីការអង្គុយលើថ្មប្រាសាទ..។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការដំឡើងកៅអីតាមទីតាំងនានាត្រូវបានសិក្សាយ៉ាងលម្អិតដោយផ្អែកលើទីតាំង ចំនួនភ្ញៀវទេសចរ និងតម្រូវការជាក់ស្តែងរបស់អ្នកទស្សនា។ ការរៀបចំកៅអីទាំងនេះមានគោលបំណងជួយឱ្យភ្ញៀវអាចអង្គុយសម្រាក និងបំបាត់ភាពនឿយហត់បន្ទាប់ពីដើរទស្សនាប្រាសាទនានា។ ជាពិសេសវានឹងផ្តល់ភាពងាយស្រួលដល់ទេសចរ វ័យចំណាស់ កុមារ និងជនពិការ អាចអង្គុយរង់ចាំ ឬអង្គុយគយគន់ប្រាសាទពីចម្ងាយបាន។ លោកពន្យល់បន្ថែមថា ក្រៅពីជួយសម្រួលដល់ភ្ញៀវទេសចរការរៀបចំកៅអីទាំងនេះក៏មានសារសំខាន់ក្នុងការអភិរក្សប្រាសាទផងដែរ គឺអាចជួយកាត់បន្ថយមិនឱ្យភ្ញៀវអង្គុយលើថ្មប្រាសាទ និងកាត់បន្ថយការកកស្ទះនៅតាមតំបន់ដែលមានអ្នកទស្សនាច្រើន។

លោក ទេស សុធីរ ថ្លែងថា៖«ក្នុងឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា មានគម្រោងដំឡើងកៅអីសរុប ២២៥កៅអី នៅតាមប្រាសាទបុរាណ និងទីតាំងចាំបាច់នានា។ កៅអីត្រូវបានជ្រើសរើសទីតាំងដំឡើងជាចម្បងនៅក្រោមម្លប់ឈើ ដែលអាចឱ្យភ្ញៀវអង្គុយសម្រាកលំហែ និងគយគន់ទេសភាពជុំវិញប្រាសាទ»។ លោកបន្ថែមថា ទីតាំងនីមួយៗត្រូវបានពិនិត្យលើទិដ្ឋភាពបរិស្ថាន និងទេសភាពវប្បធម៌ ដើម្បីធានាថា ការដំឡើងគ្រឿងបរិក្ខារ មិនប៉ះពាល់ដល់សោភ័ណភាព និងតម្លៃបេតិកភណ្ឌរបស់តំបន់អង្គរ។ ក្រុមការងារបានសិក្សាពីទំហំប្រាសាទ ចំនួនភ្ញៀវ និងលក្ខណៈទេសភាពនៃទីតាំងនីមួយៗ មុនពេលកំណត់ទីតាំងដំឡើង ដើម្បីរក្សាបានទាំងភាពងាយស្រួលសម្រាប់ទេសចរ និងការអភិរក្សបេតិកភណ្ឌ។

គួរជ្រាបថា ការដំឡើងកៅអីនេះ គឺជាដំណាក់កាលទី២ នៃការរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានអង្គរ។ ដ្បិតក្រៅពីការដំឡើងកៅអីនេះ អាជ្ញាធរជាតិអប្សរាក ថែទាំងបានរៀបចំគ្រឿងបរិក្ខារទេសចរណ៍ផ្សេងៗដូចជា៖ កម្រាលឈើតាមវង់ទស្សនាប្រាសាទមួយចំនួន កម្រាលសម្រាប់ទស្សនាព្រះអាទិត្យរះ និងថតរូបនៅស្រះខាងត្បូងមុខប្រាសាទអង្គរវត្ត ជណ្តើរឈើតាមទីតាំងឡើងចុះក្នុងប្រាសាទមួយចំនួន ព្រមទាំងស្លាកសញ្ញាបង្ហាញទិសដៅ និងផ្ទាំងព័ត៌មានសម្រាប់ជួយណែនាំភ្ញៀវទេសចរ។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារទេសចរណ៍ទាំងនេះ មានគោលដៅលើកកម្ពស់បទពិសោធរបស់ភ្ញៀវទេសចរ ខណៈពេលជាមួយគ្នា ក៏ជួយថែរក្សា និងការពារប្រាសាទបុរាណដែលមានអាយុកាលរាប់រយឆ្នាំ នៅក្នុងរមណីយដ្ឋានអង្គរឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕







