
រាជធានីភ្នំពេញ៖ ស្ថិតក្នុងវិបត្តិថាមពលប្រេងឥន្ធនៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញវិធានការធ្វើវិចារណកម្មចំណាយនៅតាមក្រសួង-ស្ថាប័នរដ្ឋ ដើម្បីធានាបានការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ ។

តាមរយៈសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការថ្នាក់ជាតិ ចុះថ្ងៃទី២០មីនា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៤មីនា ក្រសួងសេដ្ឋកិច្ច បានដាក់ចេញវិធានការ ដោយសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលចំនួន៣០ភាគរយ និងឥណទានចំណាយបេសកកម្មក្នុងប្រទេស និងចំណាយបេសកកម្មក្រៅប្រទេសចំនួន៣០ភាគរយ នៃឥណទានសរុបរបស់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន៖ ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃប៉ុណ្ណោះ។

ការលើកលែងកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ ចំពោះក្រសួងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណា ក្រសួងទាំង២ ត្រូវប្រើប្រាស់ប្រេងឥន្ធនៈត្រឹមកម្រិតឥណទានដែលមានក្នុងច្បាប់ថវិកាឆ្នាំ២០២៦តែប៉ុណ្ណោះ លើកលែងតែមានតម្រូវការពិសេស។ ក្រៅពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ការធ្វើវិចារណកម្មព្យួរឥណទានចំណាយ ក៏ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង៤, មន្ទីរជំនាញរាជធានី-ខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមខ្លឹមសារក្នុងចំណុចទី២ នៃសារាចរដដែល។

យ៉ាងណាក៏ដោយ ស្ថាប័ន-អង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតីសន្សំសំចៃខ្ពស់ ដោយចៀសវាងការប្រើប្រាស់ខ្លះខ្ជាយ និងប្រើប្រាស់មិនចំគោលដៅអាទិភាព ស្របតាមសារាចររបស់រាជរដ្ឋាភិបាល។ វិធានការរបស់ក្រសួងសេដ្ឋកិច្ច ផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៩មីនា ស្របពេលស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា បានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងកម្ពុជា មានការកើនឡើងយ៉ាងគំហុក ខណៈប្រេងឡើងថ្លៃ វានឹងធ្វើឱ្យថ្លៃដើមលើការផលិតអគ្គិសនី ក៏អាចនឹងមានការកើនឡើងដែរនាពេលខាងមុខ៕





