
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់មន្រ្តីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងប្រឹងប្រែងអនុវត្តវិធានការមុតស្រួច ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ លោកឧបនាយករដ្ឋមន្រ្តី ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ជាមួយមន្រ្តីគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៥សីហា ម្សិលមិញ…។

ក្នុងឱកាសនោះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ជូនលោកឧបនាយកដ្ឋមន្រ្តី ថា បន្ទាប់ពីការដាក់ចេញនូវកញ្ចប់វិធានការមុតស្រួល កាលពីដើមខែឧសភា ឆ្នាំ២០២៦ រយៈពេល៣ខែក្នុងចំណោមវិធានការសរុបចំនួន៣១ មាន៩វិធានការត្រូវបានអនុវត្តពេញលេញ, ១៣វិធានការជាកិច្ចការដែលត្រូវអនុវត្តជាប្រចាំ, និង៩វិធានការកំពុងស្ថិតក្នុងដំណើរការអនុវត្ត ឬត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២៦។ លោក គុណ ញឹម អះអាងថា ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន លទ្ធផលសំខាន់នៃការអនុវត្តវិធានការទាំងនេះ គឺការកើនឡើងនៃសមាសភាគចំណូលប្រមូលពីក្រុមទំនិញចម្រុះ ដែលដើរតួនាទីប្រមាណ៤២,៩ភាគរយ កាលពីខែមេសា មកដល់ប្រមាណ៤៩,៥ភាគរយ ក្នុងខែកក្កដា ស្របពេលសមាសភាពចំណូលពីការនាំចូលផលិតផលតេលសិលាមានការធ្លាក់ចុះខ្លាំង ដោយសារការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធ និងអាករលើការនាំចូលផលិតផលឥន្ធនៈ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបាន ទាំងការអនុវត្តវិធានការមុតស្រួច ក៏ដូចជាសមិទ្ធផលផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ប៉ុន្តែលោកនៅតែលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀតលើការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញ ជាពិសេស លើការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ និងការខិតខំពង្រឹងយន្តការគ្រប់គ្រងដើមទីបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។

សម្រាប់ការងារបចេ្ចកវិទ្យាព័ត៌មាន លោកឧនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំឱ្យបន្តខិតខំកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្លាយជាប្រព័ន្ធអេកូឡូស៊ីពេញលេញ និងមានសមត្ថភាពតភ្ជាប់ទិន្នន័យ ជាមួយប្រព័ន្ធផ្សេងៗទៀត តាមតម្រូវការចាំបាច់ ព្រមទាំងរៀបចំ និងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ចូលទៅក្នុងកិច្ចប្រតិបត្តិការគយឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម៕





