ទម្លាយការពិត! ដើមហេតុពិតប្រាកដនៃមហន្តរាយទឹកជំនន់ និងបាក់ដីដ៏សាហាវនៅនេប៉ាល់..?
ហៀប ស៊ីថេត
មួយម៉ោងមុន

កដ្ឋកមណ្ឌូ៖ គ្រោះមហន្តរាយបាក់ដី ដោយមានទឹកជំនន់យ៉ាងសាហាវនៅតំបន់ព្រំដែននេប៉ាល់ និងទីបេ បានផ្តាច់ជីវិតមនុស្សជាច្រើនរយនាក់ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ខណៈប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងប្រព្រឹត្តយ៉ាងតក់ក្រហល់បំផុត។ យ៉ាងណា មនុស្សជាច្រើននៅមិនទាន់ដឹងទេថា តើមូលហេតុពិតប្រាកដនៃមហន្តរាយធម្មជាតិមួយនេះ បណ្ដាលមកអ្វីឱ្យពិតប្រាកដ...?

សូមជម្រាបថា ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានបញ្ជាក់ថា មានរបាយការណ៍អំពីគ្រោះរញ្ជួយដីមួយកើតឡើងនៅព្រំដែនទីបេ-នេប៉ាល់ ដែលអាចបង្កជារលកញ័ររញ្ជួយជំរុញឱ្យបាក់ដី និងផ្ទាំងទឹកកក។ ទោះជាយ៉ាងណាក៏ដោយ អង្គការអង្កេតភូគព្ភសាស្ត្រអាម៉េរិក (USGS) បានវិភាគទិន្នន័យចុងក្រោយ និងបញ្ជាក់ថា មិនមានគ្រោះរញ្ជួយដីកើតឡើងនោះទេ។ ការណ៍នេះ នាំឱ្យមានភាពចម្រូងចម្រាស់ជាខ្លាំង ជុំវិញមូលហេតុពិតប្រាកដនៃមហន្តរាយនេះ។ ក្រោយរងការបំផ្លិចបំផ្លាញ មានមតិតជាច្រើនសន្និដ្ឋានថា ទឹកភ្លៀង និងការរលាយផ្ទាំងទឹកកក បានជ្រាបចូលទៅក្នុងដី ធ្វើឱ្យដីបាក់ស្រុតចុះមកក្រោមយ៉ាងគំហុក។

ជាមួយគ្នា អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុសកល កំពុងជំរុញឱ្យផ្ទាំងទឹកកកនៅតំបន់ភ្នំហិមាល័យ រលាយលឿនជាងមុនយ៉ាងខ្លាំង ហើយកម្លាំងកកិតរវាងផ្ទាំងទឹកកក និងថ្ម បានបង្កើតជាបរិមាណទឹកយ៉ាងច្រើនមហាសាលដែលហូរចាក់ចូលទៅក្នុងទន្លេ។ ទឹកភក់ និងល្បាប់ថ្ម បានកកស្ទះនៅទន្លេមួយរយៈពេល រួចក៏ធ្លាយហូរធ្លាក់ចុះមកតំបន់ភាគខាងក្រោម។ ទឹកភក់ និងកម្ទេចថ្ម បានវាយប្រហារក្រុងភាគខាងជើងប្រទេសនេប៉ាល់ តាមបណ្តោយទន្លេបូតេកូស៊ី (Bhote Koshi), ទ្រីស៊ូលី (Trishuli), និងណារាយ៉ានី (Narayani) ដោយបានកួចបំផ្លាញអាគារ ផ្លូវថ្នល់ និងស្ពាន ខណៈផ្ទះសម្បែងជាច្រើនត្រូវលិចលង់ទាំងស្រុង។

ជារួម ក្រុមអ្នកជំនាញសន្និដ្ឋានថា ការប្រែប្រួលអាកាសធាតុ ជាដើមហេតុផ្ទាល់តែមួយគត់ក្នុងព្រឹត្តិការណ៍សោកនាដកម្មមួយនេះ។ បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រមូលផ្តុំទិន្នន័យ ដើម្បីផ្គុំរឿងរ៉ាវនៃហេតុការណ៍នេះ ដោយផ្តោតលើការវិភាគរូបភាពរចនាសម្ព័ន្ធពីផ្កាយរណប ចំចំណុចចាប់ផ្តើមនៃការបាក់ដី, ការពិនិត្យមើលថា តើមានបឹងទឹកកកណាមួយបានបាក់ធ្លាយភ្លាមៗដែរឬទេ..? និងការស្វែងរកចំណុចស្ទះនៃតំបន់ទន្លេ និងទិន្នន័យកម្រិតទឹកភ្លៀងនាពេលថ្មីៗនេះ។ គួរឱ្យសង្វេគ អាជ្ញាធរនេប៉ាល់ បានរកឃើញសពជាផ្លូវការចំនួន១៦០នាក់ ខណៈមនុស្សជាង ៤០០នាក់ ត្រូវបានបាត់ខ្លួន។ ក្នុងនោះ ក៏មានជនបរទេសយ៉ាងហោចណាស់២៩១ ទៅ ៣៤១នាក់ មកពី២៦ប្រទេស រួមមាន៖ ឥណ្ឌា១៤២នាក់, អ៊ុយក្រែន៥៣នាក់, សហរដ្ឋអាម៉េរិក៥៤នាក់, អង់គ្លេស៣៣នាក់, កាណាដា២៤នាក់ ព្រមទាំងភ្ញៀវមកពីអូស្ត្រាលី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងព័រទុយហ្គាល់ ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត