
គុនខ្មែរ៖ លោក ចាន់ ឫទ្ធីស័ក្តិ ឬ(Bidaut Derek) បានប្រកាសជាផ្លូវការអំពីការថយមួយជំហាន និងផ្អាកដំណើរការគម្រោងបង្កើតស្ថាប័នប្រដាល់គុនខ្មែរ ដែលមានស្ដង់ដារអន្តរជាតិ ក្រោយពីរូបលោក និងក្រុមការងារខិតខំលះបង់អស់ពីកម្លាំងកាយចិត្ត ថវិកា និងពេលវេលាជាច្រើនមកនោះ...។

លោក ចាន់ ឫទ្ធីស័ក្តិ បានបញ្ជាក់ថា ក្រុមការងារបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតស្ថាប័នប្រដាល់មួយដែលជារបស់ខ្មែរ១០០ភាគរយ ក្នុងគោលដៅលើកកម្ពស់គុនខ្មែរឱ្យឈានដល់កម្រិតស្ដង់ដារអន្តរជាតិ បង្កើតវេទិកាបង្ហាញសមត្ថភាពជូនកីឡាករ និងលើកស្ទួយសិល្បៈក្បាច់គុនបុរាណខ្មែរឱ្យកាន់តែល្បីរន្ទឺទៅមុខ។ គម្រោងនេះ មិនត្រឹមតែជាអាជីវកម្មនោះទេ ប៉ុន្តែវាជាការបង្ហាញពីមោទកភាព វប្បធម៌ និងអនាគតរបស់គុនខ្មែរ។ យ៉ាងណា លោក ចាន់ ឫទ្ធីស័ក្តិ ពោលបន្ថែមទាំងសោកស្ដាយថា ការកសាងសមិទ្ធផលដ៏ធំធេង គឺត្រូវការកត្តាសាមគ្គីភាព ការគាំទ្រ និងការជឿទុកចិត្តពីមនុស្សដែលឈរនៅពីក្រោយចក្ខុវិស័យនេះ ប៉ុន្តែការផ្តួចផ្តើមដ៏មានតម្លៃនេះ ត្រូវបានគេវាស់វែងត្រឹមផលប្រយោជន៍បន្តិចបន្តួចទៅវិញ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈចង់ឃើញគម្រោងនេះជោគជ័យ និងដំណើរការទៅមុខនោះឡើយ។

ផ្អែកលើហេតុផលខាងលើ ស្ថាបនិករូបនេះ បានសម្រេចចិត្តដកថយមួយជំហានសិន ប៉ុន្តែលោកនៅតែជឿជាក់លើអ្វីដែលបានចាប់ផ្តើម ហើយសង្ឃឹមថា ថ្ងៃណាមួយនឹងអាចត្រឡប់មកសាជាថ្មី នៅពេលដែលមានមនុស្សត្រឹមត្រូវ ត្រៀមខ្លួនរួចរាល់ដើម្បីតំណាងឱ្យគុនខ្មែរ ដោយស្មារតីសាមគ្គីភាព វិជ្ជាជីវៈ និងការគោរព។ ត្រង់ន័យនេះ លោក ចាន់ ឫទ្ធីស័ក្តិ ហាក់ចង់បង្ហាញថា ការដែលសង្វៀន«អាណាចក្រគុនខ្មែរ» អាកខាន គឺមានរឿងរ៉ាវខ្មៅងងឹតនៅពីក្រោយការផ្អាកយ៉ាងតក់ក្រហល់បែបនេះ។ ទោះបីជាលោកមិនបញ្ជាក់ន័យចំ តែសំណេររបស់លោកបានបង្កប់នូវខ្លឹមសារ បង្ហាញពីមនុស្សចង់បានផលប្រយោជន៍ពីគុនខ្មែរ ជាជាងកាលើកស្ទួយមរតកក្បាច់គុនដូនតាមួយនេះឱ្យត្រដែតឡើង។ គួរជ្រាបថា លោក ចាន់ ឫទ្ធីស័ក្តិ គឺជាកីឡាករ និងជាគ្រូបង្វឹកក្បាច់គុនល្បុក្កតោ និងគុនខ្មែរ មានដើមកំណើតនៅប្រទេសបារាំង បច្ចុប្បន្ន លោកទទួលបានសញ្ជាតិខ្មែររួចរាល់ហើយ។

លោកត្រូវបានប្រជាជនកម្ពុជា ស្គាល់ច្បាស់តាមរយៈការលះបង់ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ។ ដើមឡើយ លោកគឺជាអ្នកហាត់គុនកុងហ្វូ នៅប្រទេសបារាំង បន្ទាប់ពីបានឃើញអតីតកីឡាករប្រដាល់ខ្មែរ បឺត ខាំ ទៅបង្ហាញគុនប្រដាល់សេរី (គុនខ្មែរ) នៅស្រុកបារាំង លោកក៏បានចាប់ចិត្តស្រឡាញ់ និងបានមកសិក្សាក្បាច់គុនល្បុក្កតោជាមួយលោកតាព្រឹទ្ធាចារ្យក្រមាមាស សាន គីមស៊ាន នៅឆ្នាំ២០១០ និងស្វែងរកការហ្វឹកហាត់បន្ថែមនូវក្បាច់ប្រដាល់គុនខ្មែរ។ ក្រោយមក លោកបានសហការជាមួយដៃគូ បង្កើតស្ទូឌីយោ និងក្លិបហាត់ប្រាណ «Prodal Fight & Fitness» ដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករខ្មែរ និងអ្នកស្រឡាញ់សុខភាព។ ក្រៅពីវិស័យកីឡា លោកក៏ជាតារាសម្តែងក្បាច់គុននៅក្នុងភាពយន្តផងដែរ។

គួរជម្រាបផងដែរថា តាមការគ្រោងទុករបស់ស្ថាបនិកគុនខ្មែររូបនេះ ព្រឹត្តិការណ៍ AFC Champion ដែលនឹងត្រូវធ្វើនៅសង្វៀន«អាណាចក្រគុនខ្មែរ» នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ (សប្តាហ៍ទី១) និងបន្តទៅថ្ងៃទី១៨ ខែកញ្ញា (សប្តាហ៍ទី៣) នោះ ត្រូវបានប្រកាសផ្អាកភ្លាមៗ ធ្វើឱ្យមហាជន និងអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរជាច្រើនសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងមានចម្ងល់លើការផ្អាកនេះ ខណៈមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរ កំពុងត្រូវបានអតីតកីឡាករប្រដាល់គុនខ្មែរ និងគុនចម្រុះ មាស ម៉ើ ទម្លាយពីការជំរិតកំហែងទារលុយ និងចង់ជាគំនុំរហូតសម្រេចផ្អាកសកម្មភាពក្លិបរបស់លោករយៈពេល៣ខែផងដែរ៕




