
គុនខ្មែរ៖ ជម្លោះរវាងអតីតកីឡាករគុនខ្មែរ និងគុនចម្រុះ បច្ចុប្បន្នជាគ្រូបង្វឹក លោក មាស ម៉ើ ម្ចាស់ក្លិបមហិទ្ធិឫទ្ធិគុនខ្មែរល្វាឯម និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាន់តែពុះកញ្ជ្រោល! ពុះកញ្ជ្រោល..ក៏ព្រោះតែ លោក មាស ម៉ើ ហែកស្បែកមកមន្ត្រីសហព័ន្ធមួយរូបដែលលោកអះអាងថា បានជំរិតប្រាក់ពីការប្រកួតតាមវត្តមិនបាន ក៏មានគំនុំក្នុងចិត្ត ទើបធ្វើបាបលោក តាមរយៈការដាក់ពិន័យដ៏ធ្ងន់ធ្ងរបែបនេះ...។

ថ្លែងប្រាប់ SBM News កាលពីល្ងាចថ្ងៃអង្គារទី០១កញ្ញា ឆ្នាំ២០២៦ លោក មាស ម៉ើ បានឱ្យដឹងថា ដើមឡើយ រូបលោកបានសុំការអនុញ្ញាតពីអាជ្ញាធរស្រុក និងព្រះចៅអធិការវត្ត រៀបចំកម្មវិធីប្រកួតថ្នាលគុនខ្មែររៀងរាល់សប្តាហ៍ ក្នុងបំណងបង្កើតឱកាសឱ្យកីឡាករជំនាន់ក្រោយបង្កើនសមត្ថភាព និងទទួលបានថវិកាឧបត្ថម្ភខ្លះៗពីសប្បុរសជន ដើម្បីទ្រទ្រង់ជីវភាព ខណៈពួកគេមិនសូវមានឱកាសឡើងសង្វៀនតាមប៉ុស្តិ៍ទូរទស្សន៍ធំៗឡើយ។ ក្រោយមក ដោយសារសង្វៀនប្រដាល់មានសភាពទ្រុឌទ្រោមខ្លាំង ក៏មានក្រុមហ៊ុនឯកជនមួយជួយឧបត្ថម្ភប្រគល់សង្វៀនថ្មី ដើម្បីឱ្យកីឡាករឡើងមកប្រកួតមានសុវត្ថិភាព និងមានស្ដង់ដារ។ លោក មាស ម៉ើ បានសង្កត់ធ្ងន់ថា៖ «ពេលឃើញកម្មវិធីដំណើរការល្អ ស្រាប់តែភាគីខាងសហព័ន្ធតម្រូវឱ្យរូបលោកបង់ប្រាក់ ៨០ដុល្លារក្នុងមួយថ្ងៃនៃការប្រកួត និងត្រូវប្រើប្រាស់អាជ្ញាកណ្ដាល-ចៅក្រមរបស់សហព័ន្ធ ដោយត្រូវចំណាយថវិកាបន្ថែមទៀត»។

លោកបន្តថា លោកបានបង់ប្រាក់ឱ្យក្រុមការងារសហព័ន្ធចំនួន២ដងរួចមកហើយ ប៉ុន្តែដោយសារខាងសហព័ន្ធយល់ច្រឡំថា លោកទទួលបានប្រាក់ឧបត្ថម្ភច្រើនពីក្រុមហ៊ុនឯកជន ទើបបន្តទាមទារប្រាក់បន្ថែម រហូតធ្វើឱ្យលោកគ្មានលទ្ធភាពបង់បន្តទៀតឡើយ។ ស្រាប់តែថ្មីៗនេះ មានការចេញលិខិតផ្អាកសកម្មភាពរូបលោក និងសិស្សគុន ពីការប្រកួតទាំងអស់រយៈពេល៣ខែ ដោយគ្មានការបញ្ជាក់ហេតុផលច្បាស់លាស់ឡើយ។ ជាមួយគ្នា លោក មាស ម៉ើ ក៏បានសម្ដែងការមិនពេញចិត្ត និងរិះគន់ធ្ងន់ៗទៅកាន់មន្ត្រីសហព័ន្ធ ថា មានភាពលម្អៀងរវាងកីឡាករល្បី និងកីឡាករមិនសូវមានឈ្មោះបោះសំឡេង (សំដៅលើ ឈឿង ល្វៃ) ក៏ជារឿងគួបផ្សំនៃបម្រាមនេះដែរ ព្រោះ កីឡាករ ឈឿង ល្វៃ អាចឡើងប្រកួតពីរសប្តាហ៍ជាប់ៗគ្នា ដែលខុសពីគោលការណ៍សហព័ន្ធ ប៉ុន្តែព្រោះខ្សែរយៈរបស់មន្ត្រីសហព័ន្ធ កីឡាករ ឈឿង ល្វៃ ឡើងវ៉ៃលើសង្វៀនដោយគ្មាននរណានិយាយស្ដីអ្វីឡើយ។

សូមជម្រាបថា ការដាក់ពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មកលើលោក មាស ម៉ើ ម្ចាស់ក្លិបមហិទ្ធិឫទ្ធិគុនខ្មែរល្វាឯម បានបង្កើតជាសំណួរចោទសួរយ៉ាងក្ដៅគគុកពីសាធារណជនថា តើការផ្តាច់ដង្ហើម និងអាជីពកីឡាករជិត៤០នាក់របស់ក្លិប ជាចំណាត់ការផ្លូវច្បាប់ ឬជាការប្រើប្រាស់អំណាច ដើម្បីកៀបសង្កត់រកផលប្រយោជន៍ពីម្ចាស់ក្លិប...? តើលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ មានដឹងរឿងមន្ត្រីជំរិតទារលុយ លោក មាស ម៉ើ ដែលជាម្ចាស់ក្លិបដែរឬទេ?..។ យ៉ាងណា ជុំវិញការចោទប្រកាន់ធ្ងន់ៗពីសំណាក់លោក មាស ម៉ើ នេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមទាក់ទងសុំការបំភ្លឺទៅលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីសុំការបកស្រាយដែរ ប៉ុន្តែមិនទាន់អាចទាក់ទងបាន៕


