
គុនខ្មែរ៖ កម្តៅជម្លោះពាក្យសម្តីរវាងស្ថាប័នរៀបចំការប្រកួត និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តផ្ទុះឡើងកាន់តែខ្លាំង ដោយនៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ លោក ចាន់ ឫទ្ធិស័ក្តិ ប្រធានស្ថាប័ន Anachak Fighting Championship (AFC) បានបង្ហោះសារយ៉ាងក្ដៅគគុកនៅលើបណ្តាញសង្គមថា៖ «មេរៀនភាសាខ្មែរថ្ងៃនេះ កុំកុហក! Don’t Lie!»។ លើសពីនេះ លោក ចាន់ ឫទ្ធិស័ក្តិ ដែលជាជនជាតិបារាំងមានសញ្ជាតិខ្មែរ និងមានឈ្មោះដើមថា ប៊ីដូត ដេរ៉េក (Bidaut Derek) ថែមទាំងទម្លាយឯកសារផ្លូវការជាច្រើនសន្លឹក ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាពេលថ្មីៗនេះថា «មិនដែលស្គាល់ប្រធានស្ថាប័ន Anachak Fighting Championship ពីមុនមកឡើយ»។

ផ្អែកតាមលិខិតផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ដែលត្រូវទម្លាយដោយលោក ចាន់ ឫទ្ធិស័ក្តិ បានបង្ហាញយ៉ាងច្បាស់ថា សហព័ន្ធធ្លាប់បានផ្ញើលិខិតផ្លូវការជម្រាបជូន «លោក ចាន់ ឫទ្ធិស័ក្តិ ប្រធានស្ថាប័ន Anachak Fighting Championship» ដោយផ្ទាល់ ដើម្បីអនុញ្ញាតឱ្យបើកវគ្គបណ្តុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសអាជ្ញាកណ្តាល-ចៅក្រម ថែមទាំងបានចាត់បញ្ជូនគ្រូឧទ្ទេស ២រូប គឺលោក ឡយ ប៊ុនហឿន និងលោក ធៀន វិបុល ឱ្យទៅជួយបណ្តុះបណ្ដាល និងកំណត់ឱ្យស្ថាប័ន AFC ទទួលបន្ទុកការចំណាយឧបត្ថម្ភផ្សេងៗទៀតផង។ ការលេចចេញលិខិតផ្លូវការនេះ បានចោទជាសំនួរយ៉ាងធំនៅក្នុងចំណោមមហាជនអ្នកតាមដានកីឡាថា ហេតុអ្វីបានជាថ្នាក់ដឹកនាំសហព័ន្ធអះអាងថា មិនដែលស្គាល់ លោក ចាន់ ឫទ្ធិស័ក្តិ ឬដេរ៉េក ជាប្រធានស្ថាប័ន AFC ទៅវិញ?។

ដោយឡែក ជុំវិញការផ្អាកដំណើរការសង្វៀនអាណាចក្រគុនខ្មែរ (AFC) នេះដែរ លោក ខូវ ឆាយ ប្រធានសហព័ន្ធ បានច្រានចោលការសង្ស័យពាក់ព័ន្ធនឹងរឿងលុយកាក់ ឬការជំរិតទារប្រាក់ដូចការចោទប្រកាន់នាពេលកន្លងមកនោះទេ។ លោកបានបញ្ជាក់ថា ការខកខាននេះគឺបណ្ដាលមកពីខាងម្ចាស់កម្មវិធីខ្លួនឯង ដែលមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភ (Sponsor) បាន ទើបសម្រេចចិត្តផ្អាកដោយខ្លួនឯង។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងករណីលោក មាស ម៉ើ ដែលធ្លាប់ចោទប្រកាន់មន្ត្រីសហព័ន្ធថាបានជំរិតទារប្រាក់ពីការប្រកួតតាមវត្តអារាម លោកប្រធានសហព័ន្ធ ក៏បានគូសបញ្ជាក់ជំហរយ៉ាងរឹងមាំថា ប្រសិនបើរឿងនេះជាការពិត និងមានភស្តុតាងច្បាស់លាស់ សាម៉ីខ្លួនអាចដាក់ពាក្យប្តឹងទៅក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងពាក់ព័ន្ធនានាដែលជាអាណាព្យាបាលបានជានិច្ច ដើម្បីស្វែងរកយុត្តិធម៌។ ទោះជាយ៉ាងណា សង្គ្រាមពាក្យសម្តី និងការទម្លាយឯកសារវាយបកដាក់គ្នារវាងភាគីទាំងពីរ កំពុងតែទាក់ទាញអារម្មណ៍មហាជនយ៉ាងខ្លាំង ខណៈគ្រប់គ្នាកំពុងរង់ចាំមើលថា តើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងមានប្រតិកម្មឆ្លើយតបយ៉ាងណាចំពោះឯកសារដែលលោក ចាន់ ឫទ្ធិស័ក្តិ បានទម្លាយនៅពេលនេះ៕







