
គុនខ្មែរ៖ ទាយាទស្នងគុនខ្មែរ កីឡាការិនី អេ យ៉ានុត បុត្រីទោលរបស់ស្តេចប្រដាល់គុនខ្មែរទសវត្សរ៍ឆ្នាំ២០០០ដល់២០១០ អេ ភូថង បានសម្រេចចិត្តវិលត្រឡប់មកប្រឡូកក្នុងសង្វៀនប្រដាល់វិញ ក្រោយពីបានព្យាបាល និងផ្សះផ្សាផ្លូវចិត្តរឹងមាំឡើងវិញ។ ការវិលត្រឡប់មកសង្វៀនប្រដាល់សាជាថ្មីនេះ នាងបានត្រៀមខ្លួនទៅអង្រួនសង្វៀនគុនខ្មែរអំបោះឆៅ នៅភូមិរង់ចាំ…។

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអំបោះឆៅនេះ រៀបចំឡើងក្នុងគោលបំណងនាំស្នាមញញឹម កម្លាំងចិត្ត និងស្មារតីរួបរួមតស៊ូជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក និងដើម្បីបង្កើតអនុស្សាវរីយ៍ដ៏មានន័យមួយសម្រាប់ភូមិរង់ចាំ ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នាភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សូមរម្លឹកផងដែរថា មុនពេលបាត់មុខពីសង្វៀនមួយរយៈធំ ដើមហេតុចម្បង គឺមកពីកីឡាករិនីរូបនេះ ជួបប្រទះវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារការបាត់បង់ស្វាមីជាទីស្រឡាញ់។ វិបត្តិនេះ បានធ្វើឱ្យប៉ះពាល់ដល់ស្មារតី និងទម្រង់ប្រកួតរបស់នាងធ្លាក់ចុះយ៉ាងគំហុគ រហូតឈានដល់ការសម្រេចចិត្តបោះបង់អាជីពជាអ្នកប្រដាល់ ព្រោះមានរលកនៃការរិះគន់ពីមហាជន។ តែទោះជាយ៉ាងណា ក្រោយអារម្មណ៍ស្ងប់ពីវិបត្តិផ្លូវចិត្ត ពេលនេះ ទាយាទស្តេចប្រដាល់គុនខ្មែរ បានសម្រេចចិត្តវិលចូលសង្វៀនប្រដាល់វិញហើយ។

បន្ទាបពីទទួលបានការលើកទឹកចិត្តយ៉ាងកក់ក្ដៅពីអ្នកគាំទ្រ ក្រុមគ្រួសារ និងការតាំងចិត្តពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ។ អេ យ៉ានុត បានវិលចូលជុំរំហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនតតាំងជាមួយកីឡាការិនីកុងហ្វូចិន លើវិញ្ញាសាគុនខ្មែរអំបោះឆៅ។ បន្ថែមលើនេះ ទាយាទស្ដេចប្រដាល់គុនខ្មែរ និងសិស្សប្អូនរួមអាជីពជាច្រើនរូបទៀត នឹងរួមគ្នាប្រកួតតំណាងគុនខ្មែរ ជាមួយក្រុមអ្នកលេងក្បាច់គុនកុងហ្វូមកពីប្រទេសចិន នៅក្នុងព្រឹត្តិការណ៍គុនខ្មែរអំបោះឆៅប៉ះកុងហ្វូ៕




