
រដ្ឋធានីវ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វ៉ែនស៍ (JD Vance) កាលលពីថ្ងៃព្រហស្បតិ៍ បានលើកឡើង អំពីលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormus) បានវិលត្រឡប់ទៅរកកម្រិតមួយជិតដូច នៅមុនការផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ដោយលោកអះអាង ថា ទីក្រុងតេហ៊ីរ៉ង់ បានបាត់បង់ការគ្រប់គ្រងលើផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ នេះបើតាមទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៤ ខែកញ្ញា។

អនុប្រធានាធិបតីសហរដ្ឋអាម៉េររិករូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងសេតវិមានថា៖ «ប្រសិនបើយើងក្រឡេកមើលទៅ កាលពី៣ខែមុន តើមានប្រេង និងឧស្ម័នប៉ុន្មាន ដែលបានដឹកជញ្ជូនចេញពីច្រកសមុទ្រនេះ ខណៈមានការគំរាមកំហែងពីអ៊ីរ៉ង់នោះ? ចម្លើយគឺស្ទើរតែគ្មានសោះឡើយ។ ប៉ុន្តែឥឡូវនេះ បរិមាណដឹកជញ្ជូនប្រេង បានវិលត្រឡប់ទៅរកកម្រិតមួយ ដូចនៅមុនពេលការផ្ទុះជម្លោះស្ទើរតែទាំងស្រុងឡើងវិញទៅហើយ»។

លោក ជេឌី វ៉ែនស៍ បានបន្ថែម ថា ការការគ្រប់គ្រងរបស់អ៊ីរ៉ង់ ទៅលើច្រកសមុទ្រហ័រមូស គឺ«លែងមានប្រសិទ្ធភាពទៀតហើយ»។ សហរដ្ឋអាម៉េរិក នឹងមិនចរចាជាមួយទីក្រុងតេហ៊ីរ៉ង់នោះឡើយ លុះត្រាតែអ៊ីរ៉ង់បញ្ឈប់សកម្មភាព«បាញ់ប្រហារលើនាវា ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់របស់ពិភពលោកមួយនេះ»។ ទន្ទឹមគ្នានេះ ប្រទេសចិនក៏មានឆន្ទៈសហការនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់អ៊ីរ៉ង់ឱ្យឯកោផ្នែកសេដ្ឋកិច្ចផងដែរ។ បច្ចុប្បន្ន ប្រទេសចិន ជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេបំផុតរបស់ពិភពលោក និងជាអ្នកទិញប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ នាពេលកន្លងមក ដែលធ្វើឱ្យទីក្រុងប៉េកាំង ក្លាយជាតួអង្គដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច ទៅលើទីក្រុងតេហ៊ីរ៉ង់។



ជាមួយគ្នានេះដែរ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងដាច់ដោយឡែកមួយ ថា សហរដ្ឋអាម៉េរិក កំពុងតែស៊ើបអង្កេតទៅលើការចោទប្រកាន់ដល់កងទ័ពរបស់ខ្លួន អំពីការវាយប្រហារទៅលើពិធីមង្គលការមួយ នៅភាគខាងត្បូងរបស់អ៊ីរ៉ង់ តាមអ្វីដែលអាជ្ញាធររបស់ប្រទេសអាស៊ីខាងលិចមួយនេះ បានអះអាងអំពីការសម្លាប់មនុស្ស៤នាក់ ដោយរាប់បញ្ចូលទាំងកុមារម្នាក់ផងដែរ និងចំនួន៦៨នាក់ផ្សេងទៀតរងរបួស៕


