សមាជិក​​អង្គការណាតូមួយ កាន់តែផ្គើនដាក់ស្ដេចខ្លាឃ្មុំទឹកកក ពូទីន ចាប់កប៉ាល់រុស្ស៊ីទាមទារសំណងជាង៤ពាន់លានដុល្លារ
S
Sinuon Nop
2 ម៉ោងមុន

រាជធានីអូស្លូ(Oslo)៖ ស្របពេលរដ្ឋាភិបាលទីក្រុងប៊ែរឡាំង និងទីក្រុងមូស្គូ កំពុងតែតានតឹងដាក់គ្នា ជុំវិញការចោទប្រកាន់ អំពីការវាយប្រហារបរាជ័យ ដោយដ្រូនបំពាក់ដោយគ្រឿងបំផ្ទុះ នៅក្នុងអាកាសយានដ្ឋាន Leipzig របស់ខ្លួន ហើយប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO និងសហភាពអឺរ៉ុប កំពុងតែព្រមាន អំពីការប្រថុយប្រថានរបស់វិមានក្រឹមឡាំងនោះ ប្រទេសជាសមាជិកមួយរបស់អង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិចមួយនេះ ក៏បានចាប់កប៉ាល់មួយគ្រឿងរបស់រុស្ស៊ី ដើម្បីទាមទារសំណង រាប់ពាន់លានដុល្លារអាម៉េរិក។

នាយករដ្ឋមន្រ្ដីន័រវ៉ែស លោក Jonas Gahr Støre និងប្រមុខអង្គការណាតូ លោក ម៉ាក រូតថេ
នាយករដ្ឋមន្រ្ដីន័រវ៉ែស លោក Jonas Gahr Støre និងប្រមុខអង្គការណាតូ លោក ម៉ាក រូតថេ

សារព័ត៌មានរបស់ហុងកុង South China Morning Post បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ថា ក្រុមមន្រ្ដីន័រវែស បានបញ្ជាក់ ន័រវ៉ែស ​បានឃាត់ទុកកប៉ាល់មួយគ្រឿង​របស់រុស្ស៊ី នៅក្នុងតំបន់អាក់ទិក ដើម្បី​ទាមទារសំណង ចំនួន៤,២២ពាន់លានដុល្លារអាម៉េករិក ដែលក្រុមហ៊ុនថាមពលអ៊ុយក្រែន ណាហ្វតូហ្កាស (Naftogaz) បានទទួល​ជោគជ័យ នៅក្នុងបណ្តឹង ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ខណៈ​រុស្ស៊ី បានរឹបអូស​ឧបទ្វីបគ្រីមៀ (Crimea) ដោយខុសច្បាប់ យកទៅដាក់បញ្ចូល​​​​ជាទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។

លោកប្រមុខអង្គការណាតូ និងលោកស្រី ប្រធានគណៈកម្មការអឺរ៉ុប
លោកប្រមុខអង្គការណាតូ និងលោកស្រី ប្រធានគណៈកម្មការអឺរ៉ុប

បើតាមក្រុមហ៊ុនច្បាប់របស់អាម៉េរិក ​Covington (ខូ​វីងថុន) ​តំណាងឱ្យក្រុមហ៊ុនរបស់អ៊ុយក្រែន Naftogaz បានឲ្យដឹងថា កប៉ាល់ស្រាវជ្រាវនៅក្នុងមហាសមុទ្រដែលមានទឹកកកក្រាស់ខ្លាំងរបស់រុស្ស៊ី ​ឈ្មោះ Professor Molchanov (ប្រូហ្វេសស័រ ម៉ូលឆាណូវ) បានត្រូវ​រឹបអូស នៅក្បែរប្រជុំកោះ Svalbard (ស្វាលបាដ) ស្ថិត​ក្នុងតំបន់អាក់ទិក នៃ​ប្រទេសន័រវ៉ែស។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីរបស់អ្នកនាំពាក្យមួយរូប​ នៃក្រសួងការបរទេសរុស្ស៊ី​ បានចាត់ទុក​​សកម្មភាព​របស់ប្រទេសន័រវ៉ែស​ គឺជា«អំពើចោរសមុទ្រ»។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន

​​​ជាការឆ្លើយតបទៅនឹងការឃាត់ទុកកប៉ាល់របស់ខ្លួន ទាមទារសំណង រហូតដល់៤,២២ពាន់លានដុល្លារអាម៉េរិកនោះ ​ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានដាក់លិខិតតវ៉ាជាផ្លូវការ ទៅកាន់ឯកអគ្គរាជទូតន័រវ៉ែស ប្រចាំនៅទីក្រុងមូស្គូ​។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ​ទីក្រុងមូស្គូ បានទាមទារឱ្យមានការដោះលែងកប៉ាល់​នោះ ​​និង​ខិតខំប្រឹងប្រែង ដើម្បីនាំយកកប៉ាល់របស់ខ្លួនត្រឡប់មកវិញ។​

អភិបាលប្រជុំកោះស្វាលបាដ លោក Lars Fause
អភិបាលប្រជុំកោះស្វាលបាដ លោក Lars Fause

ការិយាល័យអភិបាលតំបន់ប្រជុំកោះស្វាលបាដ (Svalbard) នៃប្រទេសន័រវែស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា កប៉ាល់​ខាងលើ បានត្រូវ​រឹបអូស ហើយនឹងត្រូវរក្សាទុកនៅតំបន់ប្រជុំកោះមួយនេះ ជាមួយនឹងការ​បន្ថែមថា៖«អភិបាលតំបន់នឹងទទួលខុសត្រូវលើការមើលថែទាំក្រុមនាវិក និងអ្នកដំណើរនៅលើកប៉ាល់នោះ ដោយសហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ និងសហគ្រាស គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ​Trust Arktikugol​ (ត្រាស់ អាក់ធីគូហ្គោល)។​​​​​

ការចាប់ទុកកប៉ាល់របស់រុស្ស៊ី បានកើតឡើង ចំពេលរដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានចោទប្រកាន់ដល់ប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយការវាយប្រហារបរាជ័យដោយដ្រូន មកលើអាកាសយានដ្ឋាន Leipzig ដែលផ្លូវដឹកជញ្ជូនតាមអាកាសដ៏សំខាន់បំផុតមួយរបស់អឺរ៉ុប និងជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្ភារយោធារបស់អង្គការណាតូ នៅភាគខាងកើតប្រទេសអាល្លឺម៉ង់។

​ទន្ទឹមគ្នានេះដែរ ប្រមុខអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់លោកខាងមួយនេះ លោក ម៉ាក រូតថេ (Mark Rutte) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ អ៊ូស៊ុយឡា វ៉ុន ដឺ ឡេយ៉ែន (Ursula von der Leyen)  បានព្រមានដល់រុស្ស៊ី ជាមួយនឹងការលើកឡើងថា​៖«ការរកឃើញដ្រូនបំពាក់គ្រឿងបំផ្ទុះ នៅអាកាសយានដ្ឋាន Leipzig បង្ហាញអំពីការកើនឡើងនូវ​ភាពតានតឹងថ្មីមួយ នៅលើទឹកដីរបស់សហភាពអឺរ៉ុប ដែលមានប្រភពចេញមកពីរុស្ស៊ី ដោយផ្ទាល់។ ​សម្ពន្ធមិត្ត ដោយរាប់បញ្ចូលទាំងសហរដ្ឋអាម៉េរិកផងនោះ បានសាមគ្គីគ្នាយ៉ាងរឹងមាំ ជាមួយនឹងអាល្លឺម៉ង់»​។​

ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី បានច្រានចោលនូវការចោទប្រកាន់ទាំងនោះ ដែលថា ខ្លួនបានកំណត់គោលដៅវាយប្រហារបរាជ័យដោយដ្រូនបំពាក់គ្រឿងបំផ្ទុះ ទៅលើយន្ដហោះដឹកជញ្ជូនធុនធំរបស់អ៊ុយក្រែន កាលពីថ្ងៃទី៤ ខែសីហា។​​ ដ្រូននោះ បានត្រូវរ៉ូបូតបំផ្លាញចោល នៅ​អាកាសយានដ្ឋាន Leipzig Halle។ រីឯដ្រូន​ទី២ចំនួនមួយផ្សេងទៀត បានបុកជាមួយយន្តហោះដឹកទំនិញមួយគ្រឿង​។ លុះរយៈពេល១០ថ្ងៃក្រោយមក ក៏ត្រូវ​គេរាយការណ៍ អំពីការប្រទះឃើញដ្រូនទី៣មួយគ្រឿងទៀត នៅឯព្រលានយន្តហោះនោះ​។ អាកាសយានដ្ឋាន Leipzig Halle ​នេះ ជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្ភារៈយោធាដ៏សំខាន់មួយរបស់អង្គការណាតូ (NATO) និង​ប្រើប្រាស់ជាប្រចាំ ដោយយន្តហោះដឹកជញ្ជូនរបស់អ៊ុយក្រែន ប្រភេទ Antonov ៕

ប្រជុំកោះស្វាលបាដរបស់ប្រទេសន័រវ៉ែស
ប្រជុំកោះស្វាលបាដរបស់ប្រទេសន័រវ៉ែស
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត