
រាជធានីភ្នំពេញ៖ រយៈពេល៨ខែ ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជានាំចេញស្រូវ-អង្ករទៅកាន់ទៅផ្សារក្រៅប្រទេស បានសរុបជាង៤លានតោន គិតជាទឹកប្រាក់សរុបជាង១២០០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣កញ្ញា…។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៨ខែនេះ កម្ពុជានាំចេញស្រូវទៅប្រទេសជិតខាងបានជាង៣,៣លានតោន គិតជាទឹកប្រាក់ជាង៧៥៣លានដុល្លារអាម៉េរិក និងបាននាំចេញអង្ករចំនួនជិត៨០ម៉ឺនតោន ទៅទីផ្សារក្រៅប្រទេសចំនួន៦៦គោលដៅ គិតជាទឹកប្រាក់សរុបជាង៤៦៤លានដុល្លារអាម៉េរិក។ ទីផ្សារធំសម្រាប់អង្កររបស់កម្ពុជា គឺប្រទេសសមាជិកអាស៊ាន បាននាំចូលអង្ករកម្ពុជាចំនួនជាង៣១ម៉ឺន៥ពាន់តោន គិតជាទឹកប្រាក់ជាង១២២លានដុល្លារ, នាំទៅប្រទេស៣៣នៅក្នុងទ្វីបអឺរ៉ុប ក្នុងចំនួនជាង២៣ម៉ឺន២ពាន់តោន គិតជាទឹកប្រាក់ជាង១៧៥លានដុល្លារ, ទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តជាង១៧ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់ជាង១០៥លានដុល្លារ និងនាំទៅប្រទេសផ្សេងៗទៀតដូចជា ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ។ល។ បានជាង៦ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់ជាង៦០លានដុល្លារ។

អង្ករក្រអូបគ្រប់ប្រភេទរបស់កម្ពុជា នៅតែលក់ដាច់ច្រើនជាងគេរហូតដល់ជិត៦០ភាគរយ បន្ទាប់មកអង្ករសគ្រាប់វែងជាង២៤ភាគរយ, អង្ករបាក់គ្រប់ប្រភេទជាង១៤ភាគរយ, អង្ករចំហុយជិត២ភាគរយ និងអង្ករសរីរាង្គ១,២៨ភាគរយ៕



