ស្រូវ និងដំឡូងមីសរីរាង្គ ជាង៥ម៉ឺន៥ពាន់តោនរបស់កសិករខេត្តព្រះវិហារ ត្រូវក្រុមហ៊ុន២បញ្ជាទិញ
S
Soriya Sou
07 សីហា 2026 03:30 PM

ក្រុងព្រះវិហារ៖ ស្រូវ និងដំឡូងមីសរីរាង្គ ប្រមាណជាង៥ម៉ឺន៥ពាន់តោន របស់ប្រជាកសិករខេត្តព្រះវិហារ ត្រូវបានក្រុមហ៊ុនធំ២ បន្ដចុះកិច្ចសន្យាបញ្ជាទិញ ដើម្បីជួយធានាទីផ្សាររឹងមាំជូនប្រជាកសិករ។ នេះបើតាមការបញ្ជាក់របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ…។

ពិធីចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គនេះ ត្រូវបានធ្វើនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុន២ រួមមាន៖ ក្រុមហ៊ុន អេមរុ រ៉ាយស៍ កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក្រោមវត្តមាន លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមរដ្ឋបាលខេត្តព្រះវិហារ ពិធីដ៏មានសារសំខាន់នេះ គឺជាការបង្ហាញពីការធានាទីផ្សារយ៉ាងរឹងមាំជូនដល់បងប្អូនប្រជាកសិករក្នុងខេត្តព្រះវិហារ ដោយនៅក្នុងឆ្នាំ២០២៦នេះ ផែនការចុះកិច្ចសន្យាប្រមូលទិញកសិផលសរីរាង្គសរុបមានចំនួនជា៥ម៉ឺន៥ពាន់តោន។

ក្នុងនោះដែរ ក្រុមហ៊ុន អេមរុ រ៉ាយស៍ នឹងទទួលទិញស្រូវសរីរាង្គចំនួន៤ម៉ឺនតោន ពីសហគមន៍កសិកម្មចំនួន២៨។ ដោយឡែក ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) នឹងទទួលទិញដំឡូងមីសរីរាង្គចំនួន១ម៉ឺន៥ពាន់តោន ពីសហគមន៍កសិកម្មចំនួន៩ ដែលស្របតាមស្ដង់ដារសរីរាង្គអន្តរជាតិអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ សូមជម្រាបថា កាលពីឆ្នាំខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនទាំង២ខាងលើបានចុះកិច្ចសន្យាទិញស្រូវ និងដំឡូងមីសរីរាង្គរបស់ប្រជាកសិករខេត្តព្រះវិហារម្ដងរួចមកហើយ ក្នុងចំនួនជាង៧ម៉ឺន៣ពាន់តោន ពីសហគមន៍កសិកម្មចំនួន៣២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត