ក្រុមហ៊ុន XIN HAOWEI CLOTHING នៅខណ្ឌសែនសុខ ត្រូវពលរដ្ឋប្តឹងករណីបង្កឱ្យមានផ្សែងចេញពីឡដុតចំហាយទឹក
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នពេញ៖ ក្រុមហ៊ុន XIN HAOWEI CLOTHING (CAMBODIA) ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋប្តឹងតវ៉ាថា បានបង្កផលប៉ះពាល់ដល់ការរស់នៅ ដោយសារផ្សែង និងក្លិនឈ្ងៀម ចេញឡដុតចំហាយទឹក

ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤កញ្ញា បានឱ្យដឹងថា កាលពីថ្មីៗនេះ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា កន្លងទៅ ក្រុមហ៊ុនបានប្រើប្រាស់អុសសម្រាប់ដុតយកចំហាយ ប៉ុន្ដែឡចំហាយ ជាប្រភេទឡធម្មតា គ្មានប្រព័ន្ធសម្រាប់សម្អាតផ្សែង។ ក្រុមការងារបានត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថា លទ្ធផលលើសកម្រិតស្ដង់ដារ។ លើសពីនេះ ក្រុមហ៊ុនមិនមានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

ដូច្នេះ ក្រសួងបរិស្ថានបានចាត់វិធានការ ចំពោះក្រុមហ៊ុនដូចជា ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ ពីក្រសួងបរិស្ថាន។ បិទភ្ជិតរោងនៅទីតាំងឡចំហាយ ដើម្បីការពារកុំឱ្យមានផ្សែងភាយចេញ និងរៀបចំរោងទុកដាក់ និងបែងចែកទៅតាមប្រភេទសំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ មួយវិញទៀត ក្រុមហ៊ុនត្រូវផ្លាស់ប្ដូរការប្រើប្រាស់ឡចំហាយដុតអុស ទៅប្រើប្រាស់ឡចំហាយដើរដោយអគ្គិសនីវិញ ឱ្យបានរួចរាល់ក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃចុះពិនិត្យ២កញ្ញា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត