ក្រសួងការងារ ជំរុញឱ្យយុវជនពង្រឹងចំណេះជំនាញ សម្របខ្លួននឹងឥទ្ធិពល AI ដើម្បីរក្សាបានភាពប្រកួតប្រជែងក្នុងទីផ្សារការងារ
S
Soriya Sou
•
03 កញ្ញា 2026 06:30 PM

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះជំនាញ សម្របខ្លួននឹងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) និងអនាគតទីផ្សារការងារ…។

សារនេះ លើកឡើងដោយលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ ក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ​ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ លោក គួច សុមាន និងអង្គវេទិកា បានលើកឡើងពីសារសំខាន់ និងឥទ្ធិពលរបស់ AI លើទីផ្សារការងារ ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃពិភពការងារ។ ក្នុងន័យនេះ លោកជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត។

លោក​ ហ៊ុន ម៉ានី ថ្លែងថា ​ការ​វិវត្ត​ឥត​ឈប់ឈរ​របស់​ AI ​ បាន​និង​កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​តួនាទី ​ដំណើរការ​ការងារ​ ​និង​គំរូ​ការងារ​នៅក្នុង​វិស័យ​ផ្សេង​ៗ​ ដែលទាមទារ​ឱ្យ​កម្លាំង​ពលកម្មរបស់​កម្ពុជា ​ត្រូវ​ចេះ​សម្រប​ខ្លួន​ ​និង​រៀនសូត្រ​ឱ្យ​បាន​រហ័ស។ លោកលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយបន្តអំពីខ្លឹមសារនៃអង្គវេទិកានេះដល់សាធារណជន និងភាគីពាក់ព័ន្ធ សំដៅជំរុញការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ឱ្យអាចបត់បែន សម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាកម្លាំងចលករដ៏មានសារសំខាន់មួយ ក្នុងការកសាងគ្រឹះសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ដែលជាមូលដ្ឋានក្នុងការជួយជំរុញល្បឿននៃការឈានទៅសម្រេចបានចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត