
សុខភាព៖ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតមាននៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីន ដែលជាអ័រម៉ូនបម្លែងជាតិស្ករក្នុងឈាមទៅជាថាមពលបានត្រឹមត្រូវ។នេះបើយោងតាមការចុះផ្សាយក្នុងផេកហ្វេសប៊ុក មន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល…។

ផលវិបាកធ្ងន់ធ្ងរ ដែលកើតពីការមិនបានព្យាបាលជំងឺនេះ មានដូចជា៖ កាត់ជើង, ស្លាប់សាច់ដុំបេះដូង, ជំងឺភ្នែក, ខ្សោយតម្រងនោម, ដាច់ ឬស្ទះសរសៃឈាមខួរក្បាល។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ត្រូវពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់,បរិភោគអាហារមួយថ្ងៃយ៉ាងតិច៣ដងឱ្យទៀងពេល, លេបថ្នាំឱ្យបានទៀងទាត់ និងតាមពេលដែលបានកំណត់ហាត់ប្រាណយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ។ លើសពីនេះ កុំពិសាស្រាច្រើនពេក, កុំពិសាបារីឱ្យសោះ, កុំពិសាប្រៃពេក, កុំដើរជើងទទេ និងត្រូវសម្អាតជើងរាល់ថ្ងៃ។ បើចង់ការពារការកកើតជំងឺទឹកនោមផ្អែម លោកអ្នកត្រូវធ្វើរឿងសំខាន់ៗទាំង៥យ៉ាងនេះ។ ១.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់ និងស្កប់ស្កល់ គឺមានគុណតម្លៃដ៏ប្រសើរសម្រាប់ការធ្វើមេតាប៉ូលិស។ នៅពេលគេងលក់រាងកាយ នឹងធ្វើការជួសជុល ព្រមទាំងទទួលបានថាមពលឡើងវិញជាក់ជាមិនខាន។ បន្ថយឬបញ្ឈប់ការប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជាទូរសព្ទ ឬកុំព្យូទ័រជាដើម រយៈពេលមួយម៉ោងមុនពេលចូលគេង និងគេងឱ្យបាន៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ។

២.កាត់បន្ថយស្ត្រេស៖ ស្ត្រេសប៉ះពាល់ដល់កម្រិតអ័រម៉ូន និងអាចធ្វើឱ្យរាងកាយផលិតអ័រម៉ូនកូទីសុល (Cortisol) ច្រើនជាងធម្មតា។ អ័រម៉ូនកូទីសុលអាចគ្រប់គ្រងចំណង់អាហារបាន ហើយសម្រាប់អ្នកដែលមានកម្រិតអ័រម៉ូននេះខុសប្រក្រតី នឹងអាចប្រឈមមុខនឹងការធ្លាក់ចុះនៃចំណង់អាហារ នឹងធ្វើឱ្យរាំងស្ទះដល់ការធ្វើមេតាប៉ូលិស។ ៣.របបអាហារត្រឹមត្រូវ៖ ការទទួលទានអាហារត្រឹមត្រូវ និងមានតុល្យភាព គឺពិតជាមានសារសំខាន់ណាស់ដូច្នេះ ត្រូវបរិភោគអាហារស្រស់ៗដោយទំពារយឺតៗ ក៏ដូចជាទៀងទាត់ពេលវេលា។ហាមទទួលទានអាហារច្រើនជ្រុល ឬតិចពេក។ ត្រូវចៀសវាងអាហារប្រភេទរលាក ឬមិនមានសុខភាពល្អ ដែលសម្បូរទៅដោយជាតិខ្លាញ់មិនល្អ ឬជាតិខ្លាញ់ខ្ពស់។ បន្ថែមពីនេះ រាងកាយក៏ត្រូវការទឹកត្រូវពិសាទឹកឱ្យបានត្រឹមត្រូវផងដែរ។

៤.ធ្វើលំហាត់ប្រាណ៖ ក្នុងករណីដែលមានបញ្ហាសុខភាពស្រាប់ អាចចាប់ផ្ដើមលំហាត់ប្រាណដូចជាការដើរ ហែលទឹក ឬជិះកង់ បន្ទាប់ពីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យរួច។ អត្ថប្រយោជន៍មួយទៀតនៃលំហាត់ប្រាណ គឺការបង្កើនសាច់ដុំដោយការលើកទម្ងន់ ឬប្រើឧបករណ៍ទាញសាច់ដុំ ដែលសមស្របចំពោះរាងកាយក៏ដូចជាសុខភាព។៥.រក្សាទម្ងន់ឱ្យបានត្រឹមត្រូវ៖ ការស្រកទម្ងន់ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ នៅពេលស្រកទម្ងន់ចាប់ពី៥ទៅ១០ភាគរយ នឹងជួយសម្រួលដល់ប៉ារ៉ាម៉ែត្រសុខភាពបានយ៉ាងច្រើន។ លើសពីនេះ វាថែមទាំងជួយឱ្យប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន និងកម្រិតថាមពល៕



