
វ៉ាស៊ីនតោន-សេអ៊ូល៖ ក្រោមការបង្គាប់បញ្ជាឱ្យកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានភាពចម្រូងចម្រាសបំផុតមួយ រវាងរដ្ឋធានីវាស៊ីនតោន និងរដ្ឋធានីសេអ៊ូល។ ការថយចុះនៃទំនាក់ទំនងរវាងប្រេទេសទាំង២ នាំឱ្យមានការងឿងឆ្ងល់ជាខ្លាំងថា តើសម្ព័ន្ធភាពដែកថែប ដែលមានអាយុកាលជាង៧០ឆ្នាំ កំពុងវិវត្តិក្លាយជាស្រមោលជំនួញរបស់លោក ដូណាល់ ត្រាំ ឬយ៉ាងណា..?

កូរ៉េខាងជើង ធ្លាប់តែជាធូលីក្នុងកែវភ្នែកសហរដ្ឋអាម៉េរិក ប៉ុន្តែចរន្តនយោបាយតែងតែប្តូរទិស ក្រោមការបញ្ជាដៃចង្កូតរបស់លោក ដូណាល់ ត្រាំ។ ប្តូរទិសនោះ ក៏ព្រោះតែ កន្លងទៅ លោក ត្រាំ បានធីបចោលការគំរាមកំហែងកូរ៉េខាងជើង ដោយកំហឹងយោធាក្នុងឆ្នាំ២០១៧ ទៅជាការជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ឆ្នាំ២០១៨, ជួបនៅរដ្ឋធានីហាណូយ ឆ្នាំ២០១៩ និងនៅតំបន់គ្មានយោធា ឬហៅម្យ៉ាងទៀតថា «តំបន់-ស» ជាដើម។

គេនៅចាំបានថា បន្ទាប់ជំនួបកំពូលនៅសិង្ហបុរី ឆ្នាំ២០១៨ លោក ត្រាំ បានផ្អាកសមយុទ្ធរួមគ្នា «អ្នកការពារសេរីភាព អ៊ុលជី (Ulchi Freedom Guardian)» ដោយចាត់ទុកសមយុទ្ធនេះថា ចំណាយច្រើន និងនាំភ្លើងចូលផ្ទះឧបទ្វីបកូរ៉េ។ លើសពីនេះ បើទោះបីជាមានកិច្ចចរចារអាវុធនុយក្លេអ៊ែររបស់ ត្រាំ ជាមួយ គីម ជុងអ៊ុន នៅរដ្ឋធានីហាណូយក៏ដោយ ប៉ុន្តែហាក់គ្មានផ្លៃផ្កាអ្វីឡើយ ហើយកូរ៉េខាងជើងនៅតែបន្តពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែរ មីស៊ីល និងបង្កើនទំនាក់ទំនងយោធាកាន់តែស្អិតល្មួតជាមួយរុស្ស៊ី ជាពិសេស ការបញ្ជូនទាហានរាប់ម៉ឺននាក់ទៅជួយច្បាំងរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ យោងតាមការចុះផ្សាយដោយកាសែត Wall Street Journal នៅថ្ងៃពុធទី១៩សីហា ឆ្នាំ២០២៦នេះ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំពុងចាត់ចែងឱ្យជំនួយការរបស់លោក រៀបចំជំនួបមួយជាមួយមេដឹកនាំ គីម ជុងអ៊ុន ឱ្យបានឆាប់បំផុត នៅរដូវស្លឹកឈើជ្រុះ នាចុងឆ្នាំនេះ។

តើអាម៉េរិកកំពុងប្តូរចិត្តលើផ្នែកសន្តិសុខនៅឧបទ្វីប ឬយ៉ាងណា..? មែនទែនទៅ លោក ត្រាំ បានចោទសួរជាញឹកញាប់អំពីថ្លៃចំណាយក្នុងការរក្សាកងទ័ពសហរដ្ឋអាម៉េរិកប្រមាណ២៨៥០០នាក់ នៅកូរ៉េខាងត្បូង។ យ៉ាងណា រដ្ឋបាលរបស់លោកបានជំរុញឱ្យធ្វើទំនើបកម្មសម្ព័ន្ធភាព ដើម្បីឱ្យកងទ័ពសហរដ្ឋអាម៉េរិក មានភាពបត់បែនកាន់តែខ្លាំងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៅក្រៅឧបទ្វីបកូរ៉េ ជាពិសេស ប្រទេសចិន។ ទន្ទឹមនោះ លោក ត្រាំ បានគាំទ្រដល់បំណងប្រាថ្នារបស់រដ្ឋធានីសេអ៊ូលក្នុងការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានដំឡើងថវិកាការពារជាតិ និងសន្យាដើរតួនាទីសន្តិសុខធំជាងមុនផងដែរ។ ថ្វីបើយ៉ាងនេះក្ដី លោក ត្រាំ បានទាមទារឱ្យកូរ៉េខាងត្បូង បង្កើនថ្លៃចំណាយលើការរក្សាកងទ័ពសហរដ្ឋអាម៉េរិកបន្ថែម។

សូមជម្រាបថា ប្រទេសទាំង២ មានកិច្ចព្រមព្រៀងចែករំលែកការចំណាយសម្រាប់ឆ្នាំ២០២៦ ដល់២០៣០ ដោយរដ្ឋធានីសេអ៊ូល ត្រូវបង់ប្រាក់ប្រមាណ១,១ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែ លោក ត្រាំ នៅតែរអ៊ូថា កូរ៉េខាងត្បូង បង់ប្រាក់តិចតួចពេក។ ក្រោពីនេះ រដ្ឋបាលលោក ត្រាំ បានបង្កើនសម្ពាធពន្ធគយកាន់តែខ្លាំង ដោយបានគំរាមដាក់ពន្ធ២៥ភាគរយ មុនព្រមព្រៀងបញ្ចុះមកត្រឹម១៥ភាគរយ ជាថ្នូរនឹងការវិនិយោគពីកូរ៉េខាងត្បូង។ ជាមួយគ្នា រដ្ឋធានីសេអ៊ូល បានសន្យាផ្តល់កញ្ចប់ថវិកា៣៥ពាន់លានដុល្លារ សម្រាប់គម្រោងនានានៅអាម៉េរិក ជាថ្នូរនឹងការបន្ធូរបន្ថយគំនាបពន្ធគយ ខណៈ លោក ត្រាំ អះអាងថា ប្រាក់នេះ ត្រូវបង់ជាសាច់ប្រាក់មុន ប៉ុន្តែរដ្ឋធានីសេអ៊ូលបញ្ជាក់ថា នេះជាទម្រង់កម្ចី ហើយការបង់សាច់ប្រាក់សុទ្ធ អាចធ្វើឱ្យសេដ្ឋកិច្ចខ្លួនអសិ្ថរភាព៕




