
រដ្ឋធានីសេអ៊ូល៖ សូមបងប្អូនប្រជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង សូមមានប្រុងប្រយ័ត្នខ្ពស់បំផុត! គ្រោះធម្មជាតិរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងកំហុក បានវាយប្រហារធ្ងន់ធ្ងរទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់, ៣នាក់រងរបួស និងពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀត ត្រូវជម្លៀសចេញពីផ្ទះសម្បែង...។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) គ្រោះបាក់ដីដ៏រន្ធត់នេះ កើតឡើងនៅទីក្រុងឃោជេ (Geoje) ខេត្តឃ្យុងសាងខាងត្បូង (South Gyeongsang) ខណៈដើមឈើធំៗបាក់សង្កត់លើជាន់ទីមួយនៃអគារស្នាក់នៅមួយកន្លែង។ ថ្វីបើក្រុមសង្គ្រោះបន្ទាន់ ខិតខំជួយសង្គ្រោះជនរងគ្រោះ៣នាក់ចេញពីអគារក៏ដោយ ប៉ុន្តែជនរងគ្រោះម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង (KMA) បញ្ជាក់ថា កម្រិតទឹកភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គរ រន្ទះ ត្រូវបានកត់ត្រារហូតដល់៨០០មិលីម៉ែត្រ នៅតាមតំបន់មួយចំនួននៅភាគខាងត្បូង ចាប់តាំងពីចុងសប្តាហ៍មក។ ស្ថានភាពនេះ បានធ្វើឱ្យទឹកទន្លេពេញប្រៀប ហៀរលិចច្រាំង និងលិចផ្លូវថ្នល់ជាច្រើនខ្សែនៅទីក្រុងឃោជេ និងតំបន់ក្បែរទីក្រុងប៊ូសាន (Busan) ធ្វើឱ្យចរាចរណ៍ត្រូវកកស្ទះ និងបន្សល់ទុកពលរដ្ឋជាច្រើន ត្រូវជាប់គាំង។

ក្រសួងសុវត្ថិភាពកូរ៉េបានអះអាងថា ប្រជាពលរដ្ឋប្រមាណ១០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារហានិភ័យនៃគ្រោះបាក់ដីបន្ថែម ខណៈមន្ត្រីសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស២០នាក់ផ្សេងទៀត ដែលកំពុងជាប់គាំង។ ដោយមើលឃើញពីស្ថានភាពហានិភ័យបែបនេះ សូមបងប្អូនពលករ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសកូរ៉េខាងត្បូង ជាពិសេសអ្នកនៅតំបន់ភាគខាងត្បូងតែម្ដង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដូចជា ផ្អាកធ្វើដំណើរទៅជិតតំបន់ជើងភ្នំ ជម្រាលភ្នំ និងតំបន់ក្បែរមាត់ស្ទឹង ឬទន្លេ ជាពិសេស បន្តតាមដានព័ត៌មានឧតុនិយមពីអាជ្ញាធរកូរ៉េខាងត្បូង៕



