ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើចរចាត្រង់ៗជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae Myung) បានស្នើឱ្យមានជំនួបចរចាផ្ទាល់ជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់«សង្គ្រាមកូរ៉េ» ឱ្យបានជាផ្លូវការ បន្ទាប់ពីប្រទេសទាំងពីរបែកបាក់ និងស្ថិតក្នុងស្ថានភាពសង្គ្រាមអស់រយៈពេលជាង៧ទសវត្សរ៍មកហើយ។

លោក លី ជេម្យ៉ុង
លោក លី ជេម្យ៉ុង

គួររម្លឹកថា សង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) មិនបានបញ្ចប់ដោយ«កិច្ចព្រមព្រៀងសន្តិភាព» នោះទេ គឺមានត្រឹមតែ«កិច្ចព្រមព្រៀងផ្អាកអាវុធ»ប៉ុណ្ណោះ ធ្វើឱ្យកូរ៉េទាំងពីរនៅតែជាសត្រូវនឹងគ្នារហូតមក។ ការស្នើរបស់លោក លី ជេម្យ៉ុង ក្នុងឱកាសទិវារំដោះជាតិពីអាណានិគមជប៉ុន បានលើកឡើងថា៖«សូមឱ្យភាគីទាំងពីរទម្លាក់ចោលនូវបំណងគំរាមកំហែងគ្នា ហើយមកអង្គុយតុចរចាក្នុងនាមជាតួអង្គផ្ទាល់ ដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ ព្រមទាំងពិភាក្សាលើវិធានការបញ្ឈប់ការរីកចម្រើននៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែមិថុនា ឆ្នាំ២០២៥ លោក លី ជេម្យ៉ុង មានទស្សនៈសម្រុះសម្រួល បានផ្លាស់ប្ដូរជំហរតឹងតែងរបស់ប្រធានាធិបតីមុន ដោយបោះបង់ការដាក់សម្ពាធឱ្យកូរ៉េខាងជើង លុបបំបាត់នុយក្លេអ៊ែរជាមុន មកជាការផ្ដល់ការចរចាដោយ «គ្មានលក្ខខណ្ឌ» វិញ ដើម្បីរារាំងកុំឱ្យរដ្ឋធានីព្យុងយ៉ាង ពង្រីកសមត្ថភាពអាវុធបន្ថែម។

ទោះយ៉ាងណា រដ្ឋធានីព្យុងយ៉ាងមិនទាន់ឆ្លើយតបនឹងការអញ្ជើញនេះនៅឡើយទេ។ ផ្ទុយទៅវិញ ក្រោមការដឹកនាំដោយលោក គឹម ជុងអ៊ុន កូរ៉េខាងជើង បានប្រកាសខ្លួនជា «រដ្ឋនុយក្លេអ៊ែរ» និងបានពង្រឹងសម្ព័ន្ធភាពយោធាយ៉ាងស៊ីជម្រៅជាមួយរុស្ស៊ី តាមរយៈការផ្គត់ផ្គង់អាវុធ និងកងទ័ព ដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ជាថ្នូរនឹងជំនួយថាមពល និងបច្ចេកវិទ្យាយោធា។ ជាមួយគ្នាផងដែរ កូរ៉េខាងជើង ក៏បានរិះគន់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលត្រៀមធ្វើឡើងនៅសប្តាហ៍នេះ ព្រមទាំងការកើនឡើងកម្លាំងយោធារបស់ជប៉ុន ធ្វើឱ្យស្ថានការណ៍សន្តិសុខនៅតំបន់អាស៊ីបូព៌ា នៅតែមានភាពតឹងតែងយ៉ាងខ្លាំង៕

លោក គឹម ជុងអ៊ុន
លោក គឹម ជុងអ៊ុន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត