តៃវ៉ាន់ធ្វើសមយុទ្ធផ្លាស់ប្ដូរទីតាំងផលិតអាវុធ ក្នុងករណីចិនបើកការវា.យ.ប្រ.ហារ
ហៀប ស៊ីថេត
12 ម៉ោងមុន

ក្រុងតៃប៉ិ៖ កោះតៃវ៉ាន់ នឹងធ្វើសមយុទ្ធផ្លាស់ប្ដូរទីតាំងខ្សែច្រវាក់ផលិតកម្មអាវុធ និងការកែច្នៃរោងចក្រស៊ីវិលឱ្យទៅជាការប្រើប្រាស់ក្នុងវិស័យយោធាភ្លាមៗ ក្នុងគោលបំណងរក្សាសមត្ថភាពប្រតិបត្តិការប្រយុទ្ធតដៃ ប្រសិនបើចិនបើកការវាយប្រហារ នេះបើយោងតាមក្រសួងការពារជាតិកោះតៃវ៉ាន់ អះអាងថ្ងៃអង្គារទី២៨ ខែកក្កដានេះ..។

សមយុទ្ធផ្លាស់ប្ដូរទីតាំងផលិតអាវុធនេះ គឺជាផ្នែកមួយនៃសមយុទ្ធសង្គ្រាម ហានគ័ង (Han Kuang) ប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែសីហា។ យោងតាមផែនការរបស់ក្រសួង សមយុទ្ធនេះ នឹងធ្វើការសាកល្បងថា តើតៃវ៉ាន់អាចចែករំលែក និងរំកិលទីតាំងផលិតអាវុធទៅកន្លែងផ្សេង ដោយនៅតែរក្សាទិន្នផលអាវុធគ្រប់គ្រាន់សម្រាប់គាំទ្រ កងទ័ពក្នុងពេលមានជម្លោះបានដែរឬទេ..? ការផ្តោតសំខាន់នេះ ឆ្លុះបញ្ចាំងពីក្តីព្រួយបារម្ភក្នុងគ្រាផ្ទុះសង្គ្រាមជាមួយចិន ស្របពេលស្តេចនាគរាជអាស៊ីព្យាយាមដឹកកន្លុះកូនកោះកំពុងរសាត់ចេញក្រៅ ឱ្យចូលក្រោលបក្សកុម្មុយនីស្ដចិនវិញ។

លោក លូ វេនយ័ន (Lu Wen-yuan) ប្រធាននាយកដ្ឋានប្រតិបត្តិការរួម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា សមយុទ្ធនេះ ត្រូវបានរៀបចំឡើងក្រោមសេណារីយ៉ូយោធាចិនប្រើរូបភាពសមយុទ្ធប្រចាំឆ្នាំ ដើម្បីលាក់បាំងផែនការវាយប្រហារលើកោះតៃវ៉ាន់។ លោកបានបន្តថា នៅពេលមានបទបញ្ជាបន្ទាន់កើតឡើង សមយុទ្ធនេះ នឹងធ្វើតេស្តសាកល្បងរំកិលរោងចក្រផលិតអាវុធទី២០២ នៅក្នុងទីក្រុងតៃប៉ិ ទៅកាន់ទីតាំងសុវត្ថិភាព ព្រមទាំងប្រមូលផ្តុំរោងចក្រស៊ីវិលឱ្យជួយដំឡើងគ្រឿងសាស្ត្រាវុធទាំងស្រុងតែម្ដង។

លោក លូ បានបន្ថែមថា សមយុទ្ធនេះ ក៏នឹងសាកល្បងសមត្ថភាពកោះតៃវ៉ាន់ ក្នុងការការពារផ្លូវទឹក និងការពារនាវាដឹកជញ្ជូនស្បៀង ឬសម្ភារសំខាន់ៗផងដែរ។ កងទ័ពជើងទឹក និងឆ្មាំសមុទ្ទតៃវ៉ាន់ នឹងហ្វឹកហាត់រួមគ្នាដោយប្រើប្រាស់ទ័ព អាវុធ និងគ្រាប់ពិតប្រាកដ ដើម្បីបំពាក់បន្ថែមលើនាវាឆ្មាំសមុទ្ទ វាយប្រហារការពារឆ្នេរ អនុវត្តច្បាប់សមុទ្ទ និងការពារនាវាដឹកជញ្ជូន។ ប្រសិនបើផ្ទុះសង្គ្រាមមែន ចិនត្រូវគេរំពឹងថា នឹងស្វែងរកការបំផ្លាញមជ្ឈមណ្ឌលបញ្ជាការ កំពង់ផែ ទីតាំងភស្តុភារ និងរោងចក្រផលិតអាវុធរបស់តៃវ៉ាន់ នៅដំណាក់កាលដំបូងនៃការវាយប្រហារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត