មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ជំរុញអតីតពលករមកពីថៃ ចាប់ឱកាសការងារតាមក្រុមហ៊ុនស្របច្បាប់ ចៀសវាងជួបការឆបោក
S
Soriya Sou
26 ឧសភា 2026 10:30 AM

ក្រុងសៀមរាប៖ ក្នុងឱកាសចុះទៅផ្សព្វផ្សាយអំពីឱកាសការងារជាង៥ពាន់កន្លែង ជូនអតីតព​លករខ្មែរពីប្រទសថៃ និងយុវជនកំពុងរកការងារ នៅបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ បានលើកទឹកចិត្តឱ្យអតីតពលករ និងយុវជនចាប់យកឱកាសការងារក្នុងស្រុក ឬបើចង់រកការងារក្រៅប្រទេស ត្រូវទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ ដើម្បីចៀសវាងការឆបោក…។

លោករដ្ឋលេខាធិការ លើកឡើងថា ឱកាសការងារក្នុងស្រុកជាង៩ម៉ឺនកន្លែងនៅតាមរោងចក្រ សហគ្រាសទូទាំងប្រទេស ដែលក្រសួងការងារបានខិតខំប្រមូលយកមកជូនបងប្អូនដល់មូលដ្ឋាន។ លោក បានជំរុញប្រជាពលរដ្ឋខ្មែរ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលមិនត្រឹមតែទទួលបានប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ច​ជាតិផងដែរ។ 

លោក ប៉ុក ប៉ាន់ បន្តថា ក្រៅពីការងារក្នុងស្រុក ក្រសួងក៏ផ្ដល់ជូនឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងប្រទេសជិតខាងផងដែរ។ បើចង់ធ្វើការងារនៅក្រៅប្រទេស លោកប្រាប់ឱ្យពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ត្រូវជ្រើសរើសក្រុមហ៊ុនដែលចុះបញ្ជិកាស្របច្បាប់ មិនមែនក្រុមហ៊ុន «ខ្សឹប» នោះទេ ដើម្បីចៀសវាងការចាញ់បោកដែលនាំឱ្យខាតទាំងពេលវេលា និងថវិកា។ មួយវិញទៀត ក្នុងករណីសង្ស័យមានការឆបោក ត្រូវរាយការណ៍ ឬសួរបញ្ជាក់ទៅអាជ្ញាធរមូលដ្ឋាន ដែលមានបញ្ជីឈ្មោះក្រុមហ៊ុនស្របច្បាប់ ឬទាក់ទងទៅលេខទូរសព្ទ ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ១២៨៦ សម្រាប់សាកសួរព័ត៌មានលម្អិតពីអត្ថប្រយោជន៍ ប.ស.ស.៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត