ក្រសួងព្រមានដកបណ្ណការងារ និងបណ្តេញជនបរទេស២នាក់ពីកម្ពុជា ប្រសិនបន្តធ្វើអាកប្បកិរិយាមិនសមរម្យលើកម្មករខ្មែរ
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានថា ជនបរទេសដែលធ្វើការនៅកម្ពុជា ហើយប្រព្រឹត្តអាកប្បកិរិយា ឬប្រើពាក្យសម្តីមិនសមរម្យ ចំពោះកម្មករនិយោជិតខ្មែរ អាចប្រឈមនឹងការដកហូតបណ្ណការងារ និងបណ្តេញចេញពីប្រទេសកម្ពុជា ប្រសិនបើនៅតែប្រព្រឹត្តកំហុសជាថ្មី។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងទទួលពាក្យបណ្តឹងពីកម្មករនិយោជិតខ្មែរ ដែលត្រូវអ្នកគ្រប់គ្រងជាជនបរទេសប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដាក់កាលពីថ្ងៃទី១៨សីហា...។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩សីហានេះ ក្រសួងបញ្ជាក់ថា ក្រោយពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និងសំឡេងពីកាមេរ៉ាសុវត្ថិភាព ស្ដាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជន ក្រសួងតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២នាក់ ដែលបម្រើការងារនៅរោងចក្រចំនួន២ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខកម្មករនិយោជិត និងធ្វើកិច្ចសន្យា«បញ្ឈប់ការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករខ្មែរ»។ ក្រសួងបញ្ជាក់ថា ប្រសិនបើជនបរទេសទាំងនោះ ឬអ្នកផ្សេងទៀត ប្រព្រឹត្តករណីស្រដៀងគ្នា ជាលើកទី២ នាពេលខាងមុខ នឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងការបណ្តេញចេញពីប្រទេស។

ក្រៅពីនេះ ក្រសួងអំពាវនាវដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជាពិសេស ជនបរទេស ត្រូវមានសុជីវធម៌ គោរពវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ព្រមទាំងចៀសវាងជាដាច់ខាត នូវការប្រើប្រាស់អាកប្បកិរិយា ឬពាក្យសម្តីមិនសមរម្យ នៅកន្លែងការងារ។ ប្រសិនបើរកឃើញ ឬទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រព្រឹត្តមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវ ក្រសួងនឹងចាត់វិធានការតាមច្បាប់ ជាធរមាន។ សម្រាប់កម្មករនិយោជិតដែលជួបប្រទះបញ្ហាបែបនេះ អាចជូនដំណឹង ឬដាក់ពាក្យបណ្តឹងអនាមិកទៅកាន់ក្រសួងតាមរយៈ ប្រអប់បណ្តឹងអនាមិករបស់ក្រសួង ឬប្រព័ន្ធ Hotlineលេខ១២៨៦៕  


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត