
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឌីជីថល នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨…។

វគ្គបណ្ដុះបណ្ដាលធ្វើឡើង ក្រោមអធិបតីភាព លោក ជួប ឋិតថេរឫទ្ធិ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការគាំទ្របច្ចេកទេស M&E ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីបង្គោល M&E ប្រមាណ១៥០នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ លោក ជួប ឋិតថេរឫទ្ធិ គូសបញ្ជាក់ថា ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឌីជីថល មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព ស្របតាមទិសដៅអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ គោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធ M&E ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព ដែលឧបករណ៍នេះជាគន្លឹះសម្រាប់ការតាមដានវឌ្ឍនភាព វាស់វែងលទ្ធផល និងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង។

ប្រធានអនុគណៈកម្មការគាំទ្របច្ចេកទេស M&E បន្ថែមថា ក្រសួងការងារបានពង្រឹងយន្តការការងារ និងការទទួលខុសត្រូវនៅគ្រប់កម្រិត ដើម្បីធានាថា ប្រព័ន្ធ M&E នឹងក្លាយជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ តាមរយៈវគ្គបណ្ដុះបណ្ដាលខាងលើ ក្រសួងរំពឹងថា នឹងជួយបង្កើនគុណភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ ការបណ្ដុះបណ្ដាលនេះ នឹងអនុញ្ញាតឱ្យអង្គភាពជំនាញនីមួយៗអាចធ្វើបច្ចុប្បន្នភាព និងរាយការណ៍អំពីវឌ្ឍនភាពការងារកាន់តែងាយស្រួល មានភាពបត់បែនជាងមុន និងកាន់តែលឿនរហ័ស ស្របទៅតាមស្ថានភាពជាក់ស្តែង៕





