ក្រសួងការងារ ធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិត ដែលរោងចក្របិទដំណើរការនៅក្រុងប៉ោយប៉ែត
អុន សម្ផស្ស
មួយថ្ងៃមុន

ក្រុងប៉ោយប៉ែត៖ កម្មកររោងចក្ររាប់ពាន់នាក់នៅខេត្តបន្ទាយមានជ័យ កំពុងរងផលប៉ះពាល់ពីការរំខាននៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យរោងចក្រមួយចំនួន ត្រូវផ្អាកដំណើរការ ឬប្រឈមនឹងការបិទដំណើរការទាំងស្រុងតែម្តង ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា នឹងធានាសិទ្ធិ ព្រមទាំងអត្ថប្រយោជន៍ស្របច្បាប់ដល់កម្មករទាំងនោះ...។

អង្គការសង់ត្រាល់ បង្ហាញរបាយការណ៍នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយលើកឡើងថា មានកម្មករជិត៤០០០នាក់ បានរងផលប៉ះពាល់ពីការបិទរោងចក្រយ៉ាងហោចណាស់២ ពាក់ព័ន្ធនឹងការរំខាននៅតំបន់ព្រំដែន។ ក្នុងចំណោមនោះ មានរោងចក្រមួយមានម្ចាស់ជាជនជាតិថៃ និងស្ថិតនៅតំបន់ព្រំដែន។ សង់ត្រាល់ ឱ្យដឹងបន្តថា រោងចក្រផ្សេងទៀតដែលមានម្ចាស់ជាជនជាតិថៃ និងជប៉ុន រួមទាំងក្រុមហ៊ុន Nidec នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត កំពុងប្រឈមនឹងបញ្ហាប្រតិបត្តិការ និងភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងផែនការវិនិយោគនាពេលអនាគត។ បើតាមសង់ត្រាល់ដដែល ផលប៉ះពាល់ទាំងនេះ មិនត្រឹមតែធ្លាក់លើកម្មករប៉ុណ្ណោះទេ ប៉ុន្តែអាចបន្តទៅដល់គ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋាន។ ការបាត់បង់ការងារ ឬការថយចុះនៃឱកាសធ្វើការបន្ថែមម៉ោង អាចធ្វើឱ្យប្រាក់ចំណូលគ្រួសារថយចុះ ខណៈអាជីវកម្មក្នុងមូលដ្ឋាន ម្ចាស់ផ្ទះជួល អ្នកដឹកជញ្ជូន និងអ្នកផ្តល់សេវាផ្សេងៗ ក៏អាចរងផលប៉ះពាល់តាមរយៈការថយចុះនៃការចំណាយរបស់កម្មករ។

មន្ត្រីនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបិទរោងចក្រ សហគ្រាសចំនួន៣នៅខេត្តបន្ទាយមានជ័យ នាពេលនេះដោយសារតម្លៃនៃការដឹកជញ្ជូនមានការកើនឡើងខ្ពស់។ តាមរយៈវីដេអូជាង៦នាទី ចេញផ្សាយនៅយប់ថ្ងៃទី១៧សីហា លោក ស៊ុន មេសា លើកឡើងថា៖«[..]បន្ទាប់ពីមានការបិទព្រំដែនដោយភាគីថៃ តាមរយៈការឈ្លានពានអធិបតេយ្យកម្ពុជា បានធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញកើនឡើងរាប់សិបដង។ ដោយសារការដឹកជញ្ជូនត្រូវធ្វើឡើងតាមផ្លូវសមុទ្ទកម្ពុជា, ការដឹកជញ្ជូនត្រូវឆ្លងកាត់ប្រទេសទី២ និងពេលខ្លះ ត្រូវដឹកតាមផ្លូវអាកាស ដើម្បីចូលទៅទឹកដីថៃ ស្ថានភាពនេះបានធ្វើឱ្យថ្លៃដើមកើនឡើង និងបង្ខំឱ្យរោងចក្រ សហគ្រាសមួយចំនួននៅខេត្តបន្ទាយមានជ័យ ត្រូវបិទទ្វារ[..]»។ រោងចក្រ សហគ្រាសចំនួន៣ ដែលត្រូវបានបិទ្វាររួមមាន៖ ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា), ក្រុមហ៊ុន ហាយធិច និងក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) សរុបកម្មករនៃសហគ្រាសទាំងបីមានចំនួន៣៩៣៩នាក់

ក្នុងនោះ កម្មករនៃក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល និងក្រុមហ៊ុន ហាយធិច ត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង ដែលមានកម្មករ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ហើយក្រសួងនឹងបន្តតាមដាន ដើម្បីធានាឱ្យមានការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់។ ក្រសួងការងារ ប្រកាសធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិត និងផ្គូផ្គងកម្មករ ដែលមានបំណងស្វែងរកការងារថ្មី។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះទៅដល់ទីតាំងរោងចក្រដែលរងផលប៉ះពាល់ ដោយនាំក្រុមហ៊ុនដែលកំពុងត្រូវការកម្លាំងពលកម្មទៅជាមួយ ដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី។ តាមក្រសួងការងារ កម្ពុជានៅមានឱកាសការងារជាង៩ម៉ឺនកន្លែង ហើយក្រសួងនឹងបន្តជួយកម្មករដែលរងផលប៉ះពាល់ ឱ្យទទួលបានការងារ និងប្រាក់ចំណូលឡើងវិញឆាប់រហ័ស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត