
កីឡា៖ ឧក្រិដ្ឋជនបារាំង កំពុងរៀបចំផែនការចាប់ជំរិត និងវាយប្រហារលើ កីឡាករបាល់ទាត់ឆ្នើម Kylian Mbappé ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រួមទាំងបុគ្គលល្បីៗជាច្រើនរូបទៀត ដូចជា កីឡាករបាល់ទាត់ អ្នកចម្រៀងរ៉េប និងពាណិជ្ជករអ្នកមានស្តុកស្ដម្ភ ជាដើម…។

អ្វីដែលចម្លែកនោះ ឧក្រិដ្ឋជនដែលជាប់ការសង្ស័យ គឺកំពុងជាប់ឃុំក្នុងពន្ធនាគារស្រាប់ទៅហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Parisien (ឡឺ ប៉ារីស្យាំង) បានឱ្យដឹងថា សមត្ថកិច្ច កំពុងតាមដានលើអ្នកទោសវ័យក្មេងម្នាក់ អាយុទើប១៨ឆ្នាំ សញ្ជាតិបារាំង-ស្វីស មានឈ្មោះថា ក្លេម៉ង់ (Clément L.) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ វីលប៉ាំង Villepinte ក្នុងខេត្ត សេនសាំងដេនី (Seine-Saint-Denis) ពាក់ព័ន្ធនឹងអំពើចោរកម្មប្រដាប់អាវុធ និងអំពើពេស្យាចារ។

សមត្ថកិច្ចសង្ស័យថា ក្លេម៉ង់ បានបញ្ជាសកម្មភាពឧក្រិដ្ឋកម្មពីក្រោយ តាមរយៈកម្មវិធី ស្នេបឆាត (Snapchat) ដោយប្រើឈ្មោះបន្លំថា លេស្តេ ហ្សឹត (Lester Z)។ អាជ្ញាធរបានស្រាវជ្រាវឃើញបណ្តាញឧក្រិដ្ឋជននេះ ក្រោយមានការវាយប្រហារលើជាងធ្វើនាឡិកាម្នាក់នៅតំបន់ ណឺយីសួសែន (Neuilly-sur-Seine) កាលពីខែមេសាកន្លងទៅ។ ទូរសព្ទដែលពាក់ព័ន្ធនឹងជនសង្ស័យ ត្រូវបានរកឃើញថាមានផ្ទុកអាសយដ្ឋាន និងព័ត៌មានលម្អិតរបស់មនុស្សជាច្រើន ដែលត្រូវបានសម្គាល់ជាគោលដៅអាចរៀបចំផែនការប្រព្រឹត្តបទល្មើស រួមមានអ្នកចម្រៀង កីឡាករបាល់ទាត់ និងពាណិជ្ជករអ្នកមាន។

ទោះជាយ៉ាងណា មិនទាន់មានសញ្ញាណាមួយបង្ហាញថា មានការប៉ុនប៉ងអនុវត្តសកម្មភាពផ្ទាល់លើតារាបាល់ទាត់ក្រុមជម្រើសជាតិបារាំងរូបនេះនៅឡើយទេ ដោយគ្រាន់តែលេចឡើងក្នុងបញ្ជីគោលដៅរបស់ក្រុមឧក្រិតជនតែប៉ុណ្ណោះ។ បច្ចុប្បន្ន អ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថា តើជនសង្ស័យរូបនេះបានបន្តសម្របសម្រួលសកម្មភាពឧក្រិដ្ឋពីចម្ងាយចេញពីពន្ធនាគារបែបនេះបានដោយរបៀបណា និងថាតើបណ្តាញនេះកំពុងរៀបចំផែនការវាយប្រហារ ឬចាប់ជំរិតមនុស្សប៉ុន្មាននាក់ទៀត ក្រៅពី Mbappé…?




