វៀតណាមឈ្នះពានជើងឯក ASEAN Championship ក្រោយបំបាក់ក្រុមផ្ទះលេខពីរទាំង២ជើង ខណៈអ្នកគាំទ្រកម្ពុជារីករាយខ្លាំង
Chanmarady Chuon
មួយម៉ោងមុន

កីឡា៖ ដ្បិតថា អ្នកគាំទ្រកម្ពុជាមិនសូវរីករាយនឹងលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលក្ដី ប៉ុន្តែការណ៍ដែលក្រុមបាល់ទាត់វៀតណាម អាចបំបាក់ក្រុមផ្ទះលេខពីរដោយលទ្ធផល ៤-២ (Home-Way) ដណ្តើមបានពានរង្វាន់ជើងឯក ASEAN Championship ឆ្នាំ២០២៦ ធ្វើឱ្យអ្នកគាំទ្រកម្ពុជា បង្ហាញការអបអរសាទរយ៉ាងក្រៃលែងបំផុត...។

វៀតណាម បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងតំបន់អាស៊ាន ដោយបានក្លាយជាប្រទេសទី២ លើកពានរង្វាន់ជើងឯកប្រចាំតំបន់ ឬ ASEAN Championship ច្រើនជាងគេ ក្រោយឈ្នះក្រុមផ្ទះលេខពីរនៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្នុងលទ្ធផលសរុបទាំងពីរជើង ៤-២ នៅកីឡដ្ឋានមីឌីញណេសិនណល់ (Mỹ Đình National) ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៦សីហាម្សិលមិញ។ ការប្រកួតកីឡាបាល់ទាត់បុរស ដណ្តើមពានជើងឯក ASEAN Championship ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៩៦ និងតែងរៀបចំឡើងនៅរៀងរាល់២ឆ្នាំម្ដង ពោលគឺជាព្រឹត្តិការណ៍បាល់ទាត់បុរសធំជាងគេ និងមានប្រជាប្រិយភាពបំផុតក្នុងតំបន់អាស៊ាន។ ឆ្លងកាត់ការប្រកួតអស់រយៈពេលជិត៣ទសវត្សរ៍ មានតែប្រទេស៤ប៉ុណ្ណោះ ដែលបានគ្រងពានជើងឯកមួយនេះ។

ជ័យជម្នះលើក្រុមផ្ទះលេខពីរ កាលពីយប់មិញ បានធ្វើឱ្យវៀតណាមកត់ត្រាចំនួនពានរង្វាន់របស់ខ្លួនជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រ (ឆ្នាំ២០០៨, ២០១៨, ២០២៤ និង២០២៦) ស្មើកំណត់ត្រាជាមួយក្រុមបាល់ទាត់បុរសជម្រើសជាតិសិង្ហបុរី ខណៈក្រុមបាល់ទាត់បុរសជម្រើសជាតិសៀម បន្តឈរលើកំពូលតារាង ជាក្រុមគ្រងជើងឯកច្រើនជាងគេ។ ប្រទេសដែលធ្លាប់លើកពាន ASEAN Championship រួមមាន៖ សៀម គ្រងជើងឯកបាន៧លើក (ឆ្នាំ១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, និង២០២២), លេខ២.ប្រទេសសិង្ហបុរី គ្រងជើងឯក៤លើក (ឆ្នាំ១៩៩៨, ២០០៤, ២០០៧, និងឆ្នាំ២០១២), លេខ២ស្ទួន.ប្រទេសវៀតណាម គ្រងជើងឯក៤លើក (ឆ្នាំ២០០៨, ២០១៨, ២០២៤, និងឆ្នាំ២០២៦) និងលេខ៣.ប្រទេសម៉ាឡេស៊ី គ្រងជើងឯកបាន១លើក (២០១០) ខណៈប្រទេស៦ផ្សេងទៀត មិនទាន់ស្គាល់រសជាតិពាននេះនៅឡើយទេ។

ដូច្នេះ ការការពារតំណែងជើងឯកបានសម្រេចរបស់វៀតណាម នៅឆ្នាំ២០២៦ នេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យបាល់ទាត់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការប្រកួតប្រជែងដណ្តើមតំណែងកំពូលតារាងចំណាត់បាល់ទាត់ក្នុងតំបន់អាស៊ាន មានការប្រែប្រួល និងកាន់តែមានភាពស្វិតស្វាញ ជក់ចិត្តបន្ថែមទៀតនារដូវកាលក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត