
កីឡា៖ ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានបង្កើតកំណត់ត្រាដ៏គួរឱ្យស្ញប់ស្ញែង ដោយបានគ្រងជើងឯកពានរង្វាន់ត្រៀមរដូវកាលថ្មី (Pre-Season ២០២៦) បន្ទាប់ពីលត់ក្រុមល្បីឈ្មោះមកពីទីក្រុងហុងកុង Eastern District FC ក្នុងលទ្ធផល ៣-១ ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ...។

អ្វីដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាតិមានមោទនភាព និងចាប់អារម្មណ៍ជាខ្លាំងនោះ គឺនៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជ្យស្វាយរៀង មិនបានប្រើប្រាស់កីឡាករបរទេសសូម្បីតែម្នាក់ឡើយ។ សមាសភាពកីឡាករជម្រើស ១១នាក់ដំបូង ព្រមទាំងកីឡាករបម្រុងទាំងអស់ គឺសុទ្ធសឹងតែជាអ្នកចម្បាំងកម្ពុជា សុទ្ធ១០០ភាគរយ ដែលបានបង្ហាញទម្រង់លេងយ៉ាងស៊ីសង្វាក់គ្នា និងវាយបកយកឈ្នះគូប្រកួតយ៉ាងចាស់ដៃ។

គួររំលឹកផងដែរថា កាលពីជំនួបវិលជុំសន្សំពិន្ទុ ក្រុមព្រះខ័នរាជ្យស្វាយរៀង បានត្រឹមស្មើ ១-១ ជាមួយក្រុម Eastern District FC ប៉ុណ្ណោះ ដោយកាលនោះក្រុមទាំងពីរមាន ៤ពិន្ទុស្មើគ្នា តែក្រុមមកពីហុងកុងឈរលើកំពូលតារាងដោយសារមានគ្រាប់បាល់ចំណេញច្រើនជាង ១គ្រាប់។ ដោយឡែក ក្រុម Geylang International FC មកពីប្រទេសសិង្ហបុរី ត្រូវបានបំបាក់ឱ្យហាលអាវមុនគេ ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា ដោយចាញ់ Eastern District FC ១-៣ និងចាញ់ព្រះខ័នរាជ្យស្វាយរៀង ១-២ កាលពីថ្ងៃបើកឆាក។ ការគ្រងជើងឯក Pre-Season ឆ្នាំ២០២៦ នេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីការវិវត្តសមត្ថភាពយ៉ាងជឿនលឿនរបស់កីឡាករស្រុកខ្មែរ និងជាសញ្ញាវិជ្ជមានដ៏ធំមួយសម្រាប់ក្លឹបព្រះខ័នរាជ្យស្វាយរៀង ក្នុងការត្រៀមខ្លួនប្រជែងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់តំបន់នាដូវកាលថ្មីខាងមុខ៕






