
កីឡា៖ ត្រឹមវ័យ១៦ឆ្នាំ កូនប្រុសច្បងរបស់កំពូលតារាបាល់ទាត់គ្រីស្ទីណូ រ៉ូណាល់ដូ គឺ គ្រីស្ទីណូ រ៉ូណាល់ដូ ជូនៀរ (Cristiano Ronaldo Jr) បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការលូតលាស់ផ្នែកកាយសម្បទា ជាពិសេស កម្ពស់បច្ចុប្បន្នរបស់គេស្ទើរតែ១,៩០ម៉ែត្រទៅហើយ ពោលគឺខ្ពស់ជាងកម្ពស់ឪពុក១,៨៧ម៉ែត្រ។ រូបសម្បត្តិដ៏លេចធ្លោ និងកម្ពស់ខ្ពស់ស្រឡះ ក្នុងវ័យទើបតែ១៦ឆ្នាំ បានក្លាយជាចំណុសដ៏គួរឱ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រជជែកគ្នាមិនដាច់ពីមាត់។ សំណួរដែលអ្នកស្នេហាកីឡាបាល់ទាត់ទូទាំងសកលលោក កំពុងចោទសួរ នោះគឺ តើ គ្រីស្ទីណូ រ៉ូណាល់ដូ ជូនៀរ អាចស្នងភាពល្បីល្បាញរបស់ឪពុកខ្លួន បានដល់កម្រិតណា..?

មែនទែនទៅ ការដើរតាមគន្លងរបស់ឪពុកដែលជាម្ចាស់ពាន Ballon d'Or ៥សម័យកាល មិនមែនជារឿងងាយស្រួលនោះទេ ដ្បិត Ronaldo គឺជាស្ដង់ដារនៃកីឡាករបាល់ទាត់អាជីពដ៏ល្អឥតខ្ចោះ ក្នុងពិភពបាល់ទាត់។ ឥតខ្ចោះ..ក៏ព្រោះតែ គ្រីស្ទីណូ រ៉ូណាល់ដូ ដណ្តើមបានភាពជោគជ័យក្នុងជីវិតជាកីឡាករអាជីពកម្រិតពិភពលោកមួយ ដែលមិនទាន់មានអ្នកបំបែកកំណត់ត្រារបស់លោកបាននៅឡើយទេ។ យ៉ាងណា គ្រីស្ទីណូ រ៉ូណាល់ដូ ជូនៀរ (កូនប្រុសច្បង) ដែលកំពុងបង្ហាញទម្រង់លេងលេចធ្លោក្នុងក្រុមយុវជន Al-Nassr រហូតដល់ក្រុម Real Madrid កោះហៅឱ្យទៅហ្វឹកហាត់ជាមួយក្រុម U16 នោះ ក៏គ្រាន់តែជាការចាប់ផ្តើមក្នុងអាជីពរបស់ខ្លួនប៉ុណ្ណោះ។

សូមជម្រាបថា គ្រីស្ទីណូ រ៉ូណាល់ដូ ជាកីឡាករបាល់ទាត់ម្នាក់ ដែលបានបង្កើតសមិទ្ធផល និងស្នាដៃកម្រិតកំពូលៗជាច្រើនដូចជា៖ ជាកីឡាករស៊ុតបញ្ចូលទីបាន៩៧៦គ្រាប់ក្នុងចំណោមប្រកួត១៣៣០ប្រកួត (លេងឱ្យក្លិប៨៣០គ្រាប់ និងលេងឱ្យជម្រើសជាតិ១៤៦គ្រាប់), អ្នកស៊ុតបាល់ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់បុរស(គ្រាប់បាល់ផ្លូវការ), ជាកិឡាកររកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិច្រើនបំផុត(១៤៦គ្រាប់) និងការប្រកួតជម្រើសជាតិច្រើនបំផុត(២៣៣ប្រកួត), ជាកីឡាកររកគ្រាប់បាល់ UEFA Champions League ច្រើនបំផុត(~១៤០–១៤១គ្រាប់), អ្នកស៊ុតបាល់ចូលទីក្នុងការប្រកួតបាល់ទាត់ពិភពលោក ៦ដង (២០០៦, ២០១០, ២០១៤, ២០១៨, ២០២២, ២០២៦) ដំបូងក្នុងប្រវត្តិសាស្ត្រ, កីឡាកររកគ្រាប់បាល់ Euro ច្រើនបំផុត (១៤), ជាកីឡាកររកគ្រាប់បាល់ឱ្យក្រុម Real Madrid ច្រើនបំផុត (~៤៥០–៤៥១ ក្នុង៤៣៨ប្រកួត), ជាកីឡាករស៊ុតបាន ១០០គ្រាប់បាល់ឡើង សម្រាប់៤ក្លិបផ្សេងគ្នា (Manchester United, Real Madrid, Juventus, Al-Nassr) និងជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតបន្ទាប់ពីអាយុ៣០ឆ្នាំ។

ទោះជាយ៉ាងណា សម្រាប់ គ្រីស្ទីណូ រ៉ូណាល់ដូ ជូនៀរ ដែលមានកម្ពស់ជិត១,៩០ម៉ែត្រ គួបផ្សំនឹងកាលវិភាគហ្វឹកហាត់កាយសម្បទាយ៉ាងម៉ត់ចត់ តាំងពីក្មេង រូបគេមានគ្រឹះរាងកាយល្អជាងឪពុកកាលពីវ័យ១៦ឆ្នាំដូចគ្នា។ ប្រសិនបើរូបគេអាចរក្សាបាននូវការតាំងចិត្ត និងការប្ដេជ្ញាខ្ពស់ដូចឪពុក រូបគេអាចនឹងមានសមត្ថភាពពិសេស នាការប្រយុទ្ធលើវាលស្មៅ ដូចអ្វីដែល គ្រីស្ទីណូ រ៉ូណាល់ដូ ធ្លាប់បង្វឹក និងអាចបង្កើតប្រវត្តិសាស្ត្រថ្មីឱ្យខ្លួនឯងបានមិនខាន។ ដូចដែល គ្រីស្ទីណូ រ៉ូណាល់ដូ ធ្លាប់បានបញ្ជាក់ កូនប្រុសរបស់លោក កំពុងរស់ក្រោមកម្រិតសម្ពាធធ្ងន់ធ្ងររួចជាស្រេច ដោយសារតែឈ្មោះជាកូនប្រុសរបស់ CR7។ ដូច្នេះ ការរំពឹងទុកខ្ពស់ពីមហាជន អាចជាអាវុធមុខពីរ ដែលជួយជ្រោមជ្រែងឱ្យគេទទួលបានឱកាសល្អៗ ដូចជាការ ត្រៀមដំឡើងទៅឡេងឈុតធំ Al-Nassr ជាដើម ប៉ុន្តែក៏អាចជាសម្ពាធផ្លូវចិត្ត ដែលទាញរូបគេឱ្យស្ថិតនៅក្រោមស្រមោលរបស់ឪពុកជារៀងរហូតផងដែរ។

សរុបជារួមមក រវាងប្រជាប្រិយភាព និងសមត្ថភាពបាល់ទាត់ តើ គ្រីស្ទីណូ រ៉ូណាល់ដូ ជូនៀរ អាចបំបែកកំណត់ត្រារបស់ឪពុកបាន ឬយ៉ាងណានោះ..? ចម្លើយ គឺមានតែ គ្រីស្ទីណូ រ៉ូណាល់ដូ ជូនៀរ ខ្លួនឯងទេ ដែលជាអ្នកបង្ហាញទៅកាន់មនុស្សទូទាំងពិភពបាល់ទាត់លើផែនដីនេះបាន យើងមិនអាចកាត់ស្មានតែលើកម្ពស់ ឬរូបសម្បត្តិតែមួយមុខបានឡើយ បច្ចេកទេសប្រកួត ភាពឆ្លាតវៃ និងសមត្ថភាពនៃការលេងលើទីលានប៉ុណ្ណោះ ដែលជាការវាយតម្លៃ និងអាចវាស់ស្ទង់សមត្ថភាពរបស់គេ ថាអាចហោះហើរបានឆ្ងាយកម្រិតណា បន្ទាប់ពីឪពុកចូលនិវត្តន៍ពីវិស័យដ៏លេចធ្លោមួយនេះ..៕




