លាហើយអាវលេខ១០! មេសស៊ី ប្រកាសព្យួរអាវ និងស្បែកជើងពីក្រុមជម្រើសជាតិអាហ្សង់ទីន ជាផ្លូវការហើយ
ហៀប ស៊ីថេត
មួយម៉ោងមុន

បាល់ទាត់៖ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក លីអូណែល មេសស៊ី (Lionel Messi) ប្រធានក្រុមដ៏មានឥទ្ធិពលលើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅឆ្នាំ២០២២ និងប្រមូលយកពានរដ្វាន់អន្តរជាតិធំៗជាច្រើន បានប្រកាសលើបណ្តាញអ៊ីនស្តារក្រាម (Instagram) កាលពីថ្ងៃចន្ទទី៣១ ខែសីហាថា លោកលាលែងពីក្រុមជម្រើសជាតិអាហ្សង់ទីនជារៀងរហូតហើយ...។

«វាជាការសម្រេចចិត្តដ៏ឈឺចាប់ ហើយនៅតែឈឺចាប់យ៉ាងជ្រៅក្នុងក្រអៅបេះដូង ប៉ុន្តែខ្ញុំយល់ថា ពេលវេលាបញ្ចប់ បានមកដល់ហើយ។ ខ្ញុំ..សូមស្បថចំពោះអ្នកទាំងអស់គ្នា ថា ខ្ញុំបានលះបង់គ្រប់យ៉ាងឥតស្រណោះ មិនត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលយើងឈ្នះពានរង្វាន់គ្រប់បែបយ៉ាងនោះទេ ប៉ុន្តែតាំងពីមុននេះមកម្ល៉េះ។ ខ្ញុំ..តែងតែតស៊ូ និងប្រយុទ្ធអស់ពីសមត្ថភាពនៅលើទីលាន ដើម្បីអាវមួយនេះ ដើម្បីនាំមកនូវស្នាមញញឹម និងធ្វើឱ្យអ្នកគ្រប់គ្នាមានមោទនភាពបំផុត ដែលបានកើតជាជនជាតិអាហ្សង់ទីន តាមរយៈបាល់ទាត់» នេះជាសារបង្ហោះដ៏មានន័យរបស់កំពូលកីឡាករបាល់ទាត់ លីអូណែល មេសស៊ី។ កីឡាករបាល់ទាត់វ័យ៣៩ឆ្នាំរូបនេះ ក៏បានរៀបរាប់យ៉ាងក្តុកក្តួលថា៖«ខ្ញុំចាកចេញទៅដោយស្ងប់ចិត្ត និងមោទនភាពបំផុត ដែលបានរួមដៃជាមួយមិត្តរួមក្រុម សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ដែលយើងធ្លាប់តែស្រមៃកាលពីមុ»។

សូមជម្រាបថា មេសស៊ី បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងដល់កំពូលតារាងបាល់ទា​ត់ពិភពលោក ដោយបានយកឈ្នះក្រុមមាន់គកបារាំង ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅរដ្ឋធានីដូហា ប្រទេសកាតា។ មិនត្រឹមតែប៉ុណ្ណោះ និមិត្តរូបបាល់ទាត់រូបនេះ បានប្រមូលយកពានរង្វាន់លំដាប់ពិភពលោកធំៗ ជាច្រើន ជូនក្រុមជម្រើសជាតិ។ គួរបញ្ជាក់ថា កិច្ចសន្យារបស់ កីឡាករ មេសស៊ី ជាមួយក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាម៉េរិក មានសុពលភាពរហូតដល់ចុងរដូវកាលឆ្នាំ២០២៨៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត