អាម៉េរិកលុបចោលសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយសារជាប់ផុងក្នុងស.ង្គ្រា.មអ៊ីរ៉ង់
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានសម្រេចបោះបង់ និងលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំសម្បើម ដែលនឹងត្រូវរៀបចំឡើង នៅខែក្រោយជាមួយកូរ៉េខាងត្បូង។ នេះបើ​តាមការបញ្ជាក់ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២៤ ខែសីហា បន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោន បានយកលេសថា ខ្លួនជួបវិបត្តិខ្វះខាតកម្លាំងទ័ពយ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវផុងជើង ជាប់ដៃក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យយោធាជើងទឹកកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា យោធាជើងទឹកអាម៉េរិកបានផ្ញើសារប្រាប់ជាផ្លូវការ តាំងពីខែមិថុនា មកម្ល៉េះថា កម្លាំងទ័ពរបស់ខ្លួន មិនអាចចូលរួមសមយុទ្ធ «សាងយ៉ុង (Ssangyong)» នេះបានឡើយ។ ថ្វីបើភាគីទាំង២ អះអាងថា កំពុងពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ដើម្បីស្តារការធ្វើសមយុទ្ធនេះឡើងវិញក៏ដោយ ប៉ុន្តែគេមិនទាន់ឃើញមានវិធានការច្បាស់លាស់ណាមួយ មកប៉ះប៉ូវការខកខានដ៏ធ្ងន់ធ្ងរនេះបាននៅឡើយ​។ ការលុបចោលសមយុទ្ធនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញបញ្ជាភ្លាមៗ ឱ្យកាត់បន្ថយទំហំសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំមួយទៀត ទើបតែបញ្ចប់ថ្មីៗនេះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ លោក ត្រាំ បានយកលេសរឿងចំណាយថវិកាខ្ជះខ្ជាយឥតប្រយោជន៍ និងបានសម្ដែងការខឹងសម្បា ចំពោះការបដិសេធរបស់រដ្ឋធានីសេអ៊ូល មិនព្រមចូលដៃចូលជើង ក្នុងសង្គ្រាមអ៊ីរ៉ង់ ជាមួយអាម៉េរិក។

លើសពីនេះ លោក ត្រាំ បានសរសេរសារឌឺដង នៅលើបណ្តាញសង្គម Truth Social របស់លោកថា «សមយុទ្ធខែលសេរីភាព អុលឈី (Ulchi Freedom Shield)» បានផ្ញើសញ្ញាមិនសមរម្យ និងបង្កហេតុទៅកាន់ប្រទេសមួយទៀត ដែលដើរតួជាប្រទេសមិនគំរាមកំហែង និងគោរពអាម៉េរិករហូតមក ក្នុងសម័យកាលដឹកនាំរបស់លោក ខណៈប្រទេសនោះ លោក ត្រាំ ទំនងជាចង់សំដៅទៅលើកូរ៉េខាងជើងយ៉ាងច្បាស់។ ទោះបីជាអាម៉េរិកខិតខំកាត់បន្ថយទំហំសមយុទ្ធ ដើម្បីយោគយល់យ៉ាងណាក៏ដោយ ក៏របបព្យុងយ៉ាងមិនបានខ្វល់ខ្វាយនោះឡើយ ដោយបានបាញ់សាកល្បងគ្រាប់មីស៊ីលបាល្លិស្ទីកហូតដល់១០គ្រាប់ កាលពីសប្តាហ៍មុន ព្រមទាំងចេញសេចក្តីថ្លែងការណ៍ជេរប្រមាថ និងថ្កោលទោសអាម៉េរិក និងកូរ៉េខាងត្បូងយ៉ាងចាស់ដៃថា ការធ្វើសមយុទ្ធទាំងនេះគ្មានអ្វីក្រៅពីការធ្វើ«សមយុទ្ធឈ្លានពាន»នោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត