
ខេត្តពោធិ៍សាត់៖ ដើម្បីពង្រីកការគ្របដណ្ដប់សេវាទូរសព្ទ និងអ៊ីនធឺណិត ដល់ពលរដ្ឋ និងភ្ញៀវទេសចរនៅស្រុកវាលវែង អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងដំណើរការសាងសង់យ៉ាងសកម្មនូវ ស្ថានីយបង្គោលអង់តែនទូរសព្ទចំនួន២កន្លែង តាមបណ្តោយផ្លូវជាតិលេខ៥៥...។

ក្រុមការងារលើកកម្ពស់គុណភាពសេវានៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយក្រុមការងារកាតព្វកិច្ចសេវាសាកល (USO) នៃក្រសួងប្រៃសណីយ៍ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្ថានីយបង្គោលអង់តែនទាំងនោះ។ តាមរយៈដំណើរចុះទៅដោយផ្ទាល់នេះមន្ត្រីជំនាញ វាយតម្លៃថា ស្ថានីយទី១ នៅចំណុចទឹកធ្លាក់ដាតូច ភូមិឯកភាព ឃុំថ្មដា បានបញ្ចប់ការចាក់គ្រឹះជើងតាងបង្គោលរួចរាល់ហើយកំពុងរង់ចាំរយៈពេល១០ថ្ងៃ ដើម្បីឱ្យបេតុងរឹងមាំ មុននឹងបន្តដំឡើងបង្គោលអង់តែន។

ចំណែកស្ថានីយទី២ នៅចំណុចផ្លូវអន្ទង់អាំង ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង កំពុងដំណើរការចាក់គ្រឹះជើងតាងយ៉ាងសកម្ម ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗប្រសិនបើអាកាសធាតុអំណោយផល។ ជាមួយគ្នានេះ ក្រុមការងារបានពិភាក្សាជាមួយក្រុមបច្ចេកទេសនៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារ USO ដើម្បីត្រៀមសាងសង់ស្ថានីយបង្គោលអង់តែនថ្មីមួយកន្លែងទៀតនៅចំណុចអន្លង់ក្រពើ ស្រុកវាលវែង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គម្រោងទាំងនេះ រំពឹងថានឹងជួយសម្រួលដល់ការទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរតាមបណ្តោយផ្លូវជាតិលេខ៥៥៕






