ជំនន់ទឹកភ្លៀងវាយប្រហារខេត្តពោធិ៍សាត់! ប៉ះពាល់ក្រុង-ស្រុកចំនួន៥ និងពលរដ្ឋជាង៦ពាន់គ្រួសារ
S
Soriya Sou
23 វិច្ឆិកា 2025 04:00 AM

ក្រុងពោធិ៍សាត់៖ ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តពោធិ៍សាត់យ៉ាងខ្លាំងក្នុងពេលប៉ុន្មានថ្ងៃមកនេះ នាំឱ្យក្រុង-ស្រុកចំនួន៥ និងប្រជាពលរដ្ឋប្រមាណជាង៦ពាន់គ្រួសារ ក្នុងខេត្តត្រូវរងផលប៉ះពាល់។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់...។

ស្របពេលស្ថានភាពទឹកមិនទាន់ស្រកចុះទៅវិញដូចប្រក្រតី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបាននាំយកអំណោយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ ក្នុងឱកាសនោះ​ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញរបាយការណ៍ថា គិតត្រឹមថ្ងៃទី២១វិច្ឆិកា ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់ក្រុង-ស្រុក ចំនួន៥ រួមមាន៖ ក្រុងពោធិ៍សាត់, ស្រុកភ្នំក្រវាញ, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកតាលោសែនជ័យ ដោយមានឃុំ-សង្កាត់ចំនួន២១ ស្មើនឹង១១៩ភូមិ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៦៣០៨គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋ៥៤៥នាក់ ស្មើនឹង៤៣២គ្រួសារ ត្រូវបានជម្លៀស។

ក្រៅពីប្រជាពលរដ្ឋ​ ទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ក៏បានវាយប្រហារដំណាំស្រូវរបស់ប្រជាកសិករ ចំនួន៣៣៣៨ហិកតា (ការខូចខាតមិនទាន់កំណត់បាន), ប៉ះពាល់ដល់ផ្ទះ៤២០០ខ្នង, សត្វពាហនៈ៣៦២ក្បាល, ផ្លូវប្រវែង៨៤៩៦៦ម៉ែត្រ, ខូចខាតស្ពានឈើ និងបានជួសជុលចំនួន៣កន្លែង។ តាមការបញ្ជាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ គិតមកទល់ពេលនេះ ស្ថានភាពជំនន់ក្នុងក្រុងពោធិ៍សាត់ បានស្រកចុះច្រើនបន្តិចហើយ។ យ៉ាងណាក៏ដោយ លោក ខូយ រីដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេស អ្នកដែលបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព សូមយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារបញ្ហាអនាម័យ និងសុវត្ថិភាព។

គួររំឭកថា ​កាលពីថ្ងៃទី២០វិច្ឆិកា រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជនស្តីពីការកើនឡើងជាបន្តបន្ទាប់ នៃកម្ពស់ទឹកស្ទឹងពោធិ៍សាត់ក្នុងកម្រិតមួយត្រូវប្រកាសអាសន្ន។ ជាក់ស្តែង ក្នុងថ្ងៃទី២២វិច្ឆិកា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះជាបណ្តើរៗហើយ ខណៈកម្ពស់ទឹកបច្ចុប្បន្ន ស្ថានីយវាលវែង កម្ពស់ទឹក១,១០ (+០.០០) កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ, ស្ថានីយបាក់ត្រកួន កម្ពស់ទឹក១,២៧ (+០.១៧) កម្ពស់ប្រកាសអាសន្ន៦ម៉ែត្រ, ស្ថានីយក្បាលហុង កម្ពស់ទឹក ៤,៧០(-០.២១) កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ និងស្ថានីយចារឹក កម្ពស់ទឹក ៦,១៨(-០.០២) កម្ពស់ប្រកាសអាសន្ន៦ម៉ែត្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត