ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃខុសច្បាប់ធ្វើជាកម្មសិទ្ធិ សូមបញ្ឈប់សកម្មភាពជាបន្ទាន់…។

ថ្លែងក្នុងឱកាសដឹកនាំចលនាបងប្អូនសហគមន៍ កម្លាំង ប្រជាការពារ និង អាជ្ញាធរមូលដ្ឋាន ដាំកូនឈើដើម្បីស្ដារឡើងវិញជាតំបន់បៃតងលើកូនភ្នំដែលត្រូវជនខិលខូចកាប់បំផ្លាញ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោក ខូយ រីដា មានប្រសាសន៍ថា យើងត្រូវរួមសាមគ្គីគ្នាបណ្ដុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងក្នុងទស្សនៈសន្សំសំចៃនៃការប្រើប្រាស់ផលព្រៃឈើគ្រប់ប្រភេទ។ ដូច្នេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃធ្វើជាកម្មសិទ្ធិឯកជន និងការធ្វើអាជីវកម្មព្រៃឈើជំនួញដីធ្លីខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះវាជាបទល្មើសដ៏ធ្ងន់ធ្ងរ និងជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ និងសង្គមជាតិ។

ដោយឡែក ចំពោះកូនឈើដែលដាំរួចហើយ លោកអភិបាលខេត្តស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទីទីតាំងនោះ សូមបន្តសកម្មចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីឱ្យកូនឈើដុះលូតលាស់ធំធាត់ឆាប់រហ័ស និងមិនបាត់បង់ទៅវិញ។ រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធពាក់ព័ន្ធ ត្រូវដឹកនាំចលនាប្រជាពលរដ្ឋឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់មានភាពស្អាត គ្មានសំរាម និងស្រស់បំព្រង៕


