ជំនន់ទឹកភ្លៀង បង្កឱ្យស្រូវជិត៥ពាន់ហិកតារងផលប៉ះពាល់នៅខេត្តពោធិ៍សាត់
S
Sreyleak Yith
2 ខែមុន

ក្រុងពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវវស្សាជិតប្រមូលផល និងស្រូវប្រាំង សរុបជាង៤៧០០ហិកតា នៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទទួលរងផលប៉ះពាល់ ក្នុងនោះខូចខាតចំនួន២១ហិកតា និងប៉ះពាល់ដំណាំផ្សេងៗសរុបជាង៣០០ហិកតា។ នេះបើយោងតាមការឱ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកនៅថ្ងៃទី២៦ ខែវិច្ឆិកា…។

ក្រសួងកសិកម្ម គូសបញ្ជាក់ថា លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យ ក៏ដូចជាវាយតម្លៃផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់។ ក្រោយចុះពិនិត្យឃើញថា ស្រុកភ្នំក្រវាញ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបជាង២៣០ហិកតា ខូចខាតទាំងស្រុងចំនួន២១ហិកតា និងប៉ះពាល់ដំណាំ ដំឡូងមីចំនួន៧៤ហិកតា ពោត៨៩ហិកតា សណ្តែក១១៨ហិកតា និងដំណាំផ្សេងៗទៀត ៥២ហិកតា។ រីឯ ស្រុកកណ្តៀង ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបជាង ២០០០ហិកតា (ស្រូវវស្សាជាង១៧០០ហិកតា និងស្រូវប្រាំងចំនួនជិត ៥០០ហិកតា)។

ដោយទ្បែក ក្រុងពោធិ៍សាត់ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបជាង២០០០ហិកតា (ស្រូវវស្សាជាង១៨០០ហិកតា និងស្រូវប្រាំងជាង៥០០ហិកតា)។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ណែនាំមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន សហការគ្នាបន្តចុះវាយតម្លៃពីស្ថានភាពខូចខាតដំណាំស្រូវជាក់ស្ដែង។ សូមជម្រាបថា ក្នុងឆ្នាំ២០២៥ ខេត្តពោធិ៍សាត់មិនមែនទើបរងផលប៉ះពាល់លើកទី១ទ្បើយ ជាក់ស្តែងកាលពីខែតុលាកន្លងទៅ ទឹកជំនន់បឹងទន្លេសាបនៃខេត្តពោធិ៍សាត់​ បន្តកើនឡើងជាបន្តបន្ទាប់ បណ្តាលឱ្យដំណាំស្រូវសរុបប្រមាណ៥ពាន់ហិកតា នៃស្រុកចំនួន៣ រួមមាន៖ ស្រុកបាកាន, ស្រុកកណ្តៀង និងស្រុកក្រគរ រងការខូចខាតស្ទើរទាំងស្រុង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត