
ក្រុងពោធិ៍សាត់៖ គិតត្រឹមព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះបន្តិចវិញហើយ។ នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់…។

កាលពីព្រឹកទី១តុលាម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានប្រកាសថា ទឹកស្ទឹងពោធិ៍សាត់បានឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ដោយសារភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រោយទទួលព័ត៌មាន លោក ខូយ រីដា បានចាត់មន្រ្តីជំនាញតាមដានបញ្ហាទឹកជំនន់ក្នុងខេត្ត ជាពិសេសទឹកស្ទឹងពោធិ៍សាត់យ៉ាងយកចិត្តទុកដាក់។ លោកថា គិតត្រឹមព្រឹកថ្ងៃទី២តុលានេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះបន្តិចទៀតហើយ ខណៈអាជ្ញាធរខេត្ត បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ។ យ៉ាងណាក៏ដោយ លោកអភិបាលខេត្តបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ក្នុងករណីមានបញ្ហាចាំបាច់ណាមួយ បងប្អូនប្រជាពលរដ្ឋអាចទាក់ទងទៅកាន់លេខទូរសព្ទ៣ប្រព័ន្ធ រួមមាន៖ ០៩២ ៧២៨ ០៨៧, ០៩៦ ២៣៩ ៥០២០ និង ០៩៧ ៨៧ ៣៨ ១៦៧។ សូមជម្រាបថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើប្រទេសកម្ពុជា។ ស្ថានភាពនេះនឹងធ្វើឱ្យបណ្ដារាជធានី-ខេត្តកម្ពុជា រួមទាំងខេត្តពោធិ៍សាត់ បន្តមានភ្លៀងផ្គររន្ទះ និងខ្យល់កន្រ្តាក់ ពី២៥ទៅ៣០ភាគរយ រហូតដល់ថ្ងៃទី៤ ខែតុលា៕




