មិត្តវៀតណាមបោះជំហានកាន់តែលឿន វះកាត់ផ្នែកវេជ្ជសាស្ត្រជំងឺមហារីក ដោយរ៉ូបូត
S
Sinuon Nop
18 ម៉ោងមុន

រដ្ឋធានីហាណូយ៖ បច្ចុប្បន្ន វៀតណាម ក្រៅពីការបង្កើនការអភិវឌ្ឍវិស័យយោធា សេដ្ឋកិច្ច នយោបាយ និងវិស័យសក្តានុពលមួយចំនួនទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ប្រទេសកុម្មុយនិស្ដមួយនេះ ក៏កំពុងបោះជំហានយ៉ាងលឿនស្លេវលើផ្នែក​វេជ្ជសាស្ត្រផងដែរ រហូតឈានដល់ការវះកាត់ជំងឺមហារីក ប្រើប្រាស់ប្រព័ន្ធរ៉ូបូត...​។

សកម្មភាពរបស់ក្រុមគ្រូពេទ្យ កំពុងវះកាត់ព្យាបាលអ្នកជំងឺ
សកម្មភាពរបស់ក្រុមគ្រូពេទ្យ កំពុងវះកាត់ព្យាបាលអ្នកជំងឺ

​សារព័ត៌មានវៀតណាម VN Express International បានចុះផ្សាយកាលពីថ្ងៃទី១២សីហាថា មន្ទីរពេទ្យតាំអាញ់ (Tam Anh) ​ជាមន្ទីរពេទ្យទី១​របស់វៀតណាម  ដែលវះកាត់ជំងឺមហារីក ដោយប្រើប្រាស់​ប្រព័ន្ធ​រ៉ូបូត ដា វីនស៊ី ហ្ស៊ី (Da Vinci Xi) ចំនួនពីរគ្រឿងក្នុងពេលតែមួយ កំលុងនៃការវះកាត់ព្យាបាលជំងឺមហារីក ដោយអនុវត្តតាមបច្ចេកទេសកុងសូល​ចំនួន២​លើអ្នកជំងឺវ័យ៧៣ឆ្នាំម្នាក់។ បច្ចេកវិទ្យាដ៏ទំនើប រ៉ូបូត ដា វីនស៊ី ហ្ស៊ី ទាំង២គ្រឿងនោះ​ អាចជួយសម្រួលដល់សល្យពេទ្យ ឬគ្រូពេទ្យឯកទេស​វះកាត់ពីររូប ​បានសហការគ្នា​វះកាត់​​ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត និង​ជួសជុលប្លោកនោមឡើងវិញ ជូនអ្នកជំងឺ។​ ប្រព័ន្ធមនុស្សយន្ត ឬរ៉ូបូតដា វីនស៊ី ហ្ស៊ីនេះ ផលិតដោយសហរដ្ឋអាម៉េរិក​ ហើយវាបានផ្តល់នូវរូបភាព3D ​ ដ៏មានគុណភាពបង្ហាញយ៉ាងច្បាស់​ និងត្រូវ​បានអនុម័តឱ្យប្រើប្រាស់ ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ហៅកាត់ FDA​ សម្រាប់ការវះកាត់ជាង១២០ប្រភេទ។

អ្នកជំងឺបរទេស​មកទទួលការព្យាបាលពីមន្ទីរពេទ្យតាំអាញ់
អ្នកជំងឺបរទេស​មកទទួលការព្យាបាលពីមន្ទីរពេទ្យតាំអាញ់

បច្ចេកទេសកង់សូល​ (Dual Console) អាចអនុញ្ញាតឱ្យសល្យ​ពេទ្យ​ពីររូប ​​វះកាត់ នៅក្នុងពេលតែមួយបាន ដោយគ្រូពេទ្យម្នាក់ៗ ទទួលខុសត្រូវលើផ្នែកវេជ្ជសាស្ត្រផ្សេងៗគ្នា​​ ហើយអាចផ្ទេរការគ្រប់គ្រង​ទៅវិញទៅមក ខណៈមានការចាំបាច់។ ​រ៉ូបូតដា វីនស៊ី ហ្ស៊ី ក៏អនុញ្ញាតឱ្យគ្រូពេទ្យ អាចធ្វើការងារក្នុងពេលតែមួយ សម្រាប់ការកាត់ដុំសាច់ ការគ្រប់គ្រងសរសៃឈាម ការរក្សាសរសៃប្រសាទ និងការជួសជុល​សរីរាង្គឡើងវិញ ដែលអាចជួយកាត់បន្ថយ រយៈពេលនៃការវះកាត់អ្នកជំងឺ​។​ មន្ទីរពេទ្យតាំអាញ់ បញ្ជាក់​ថា ប្រព័ន្ធរ៉ូបូត ដា វីនស៊ី ហ្ស៊ី ធ្លាប់​វះកាត់ជាង២០លានករណីរួចមកហើយ នៅទូទាំងពិភពលោក​៕

ប្រព័ន្ធរ៉ូបូត ដា វីនស៊ី ហ្ស៊ី
ប្រព័ន្ធរ៉ូបូត ដា វីនស៊ី ហ្ស៊ី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត