អគ្គីលេបត្របាក់អគារស្ដុកឯកសារនៃសាកលវិទ្យាល័យបច្ចេកវិទ្យា នៅក្រុងបាងកក ទាំងព្រឹកព្រលឹម
S
Sinuon Nop
38 នាទីមុន

រាជធានីបាងកក៖ អគ្គីបានឆា​​ឆេះបន្ទប់ស្ដុក​ឯកសារដ៏សំខាន់មួយ នៃ​អគារសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពស់៩ជាន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់និស្សិត និងថ្នាក់គ្រប់គ្រង រាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ចជំនាញ កាលពីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា​ នៅតាមផ្លូវប្រាចារ៉ាត សៃ លេខ១ (Pracharat Sai 1) ស្ថិតក្នុងតំបន់វង់សាវ៉ាង (Wong Sawang) ខណ្ឌបាងស៊ូ ( Bang Sue)។​ នេះបើតាមសារព័ត៌មាន Khaosod  ។

អគ្គិភ័យមួយ បានឆាបឆេះបន្ទប់ស្ដុកទុកឯកសារមួយ នៅជាន់ទី៨ នៃអគារកម្ពស់៩ជាន់របស់ ​សាកលវិទ្យាល័យបច្ចេកវិទ្យា King Mongkut នាភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ។ គ្រោះអគ្គិភ័យនេះ ​បង្កឱ្យមានការខូចខាតយ៉ាងដំណំ។

កម្លាំងពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះ មកពីស្ថានីយពន្លត់អគ្គិភ័យ Bang Pho បានប្រញាប់ប្រញាល់ ចុះទៅកាន់ទីតាំងកើតហេតុ។ នៅពេលទៅដល់ ក្រុមមន្ត្រីជំនាញបាន​ឃើញផ្សែងហុយយ៉ាងខ្លាំង ចេញពីជាន់ទី៨ នៃអគារនោះ ហើយកម្លាំងពន្លត់អគ្គិភ័យ បានចូលទៅពន្លត់ភ្លើង នៅក្នុងអគារនោះ និងបានគ្រប់គ្រងស្ថានការណ៍​​ទាំងស្រុង។

ការត្រួតពិនិត្យបឋម បានរកឃើញថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះ នៅក្នុងបន្ទប់ស្ដុកឯកសារមួយ ​បណ្តាលឱ្យឯកសារ និងសម្ភារៈផ្សេងៗទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនមាន​សេចក្តីរាយការណ៍ អំពីករណីរងរបួស ឬបាត់បង់ជីវិតនោះឡើយ។ បច្ចុប្បន្ន អាជ្ញាធរកំពុងតែបន្តស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៃគ្រោះអគ្គិភ័យនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត