
ប៊ុយដាប៉ែស៖ បុរសវ័យ២៤ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានលួចយន្តហោះធុនតូចមួយគ្រឿងពីព្រលាននៅក្នុងប្រទេសហុងគ្រី ខណៈរូបគេស្ថិតក្នុងស្ថានភាពស្រវឹងធ្ងន់ធ្ងរ បង្កឱ្យមានប្រតិបត្តិការឆ្លើយតបយ៉ាងក្ដៅគគុកពីកងកម្លាំងយោធា…។

បើតាមមន្ត្រីនគរបាលហុងគ្រី បានឱ្យដឹងថា បុរសរូបនេះបានលួចយន្តហោះ Cessna 172 ពីព្រលាន Kalocsa កាលពីព្រឹកថ្ងៃសៅរ៍។ បន្ទាប់មក គេបានបើកយន្តហោះស្ទុះឡើងទៅលើអាកាស ហើយហោះសំដៅទៅកាន់តំបន់ Paks ដែលជាទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ប្រទេសហុងគ្រី។ នេះបើយោងតាមការបង្ហោះសាររបស់លោកបណ្ឌិត រ៉ូមូលូហ្ស រុស្ស៊ីន-ស្យេនឌី (Romulusz Ruszin-Szendi) រដ្ឋមន្ត្រីក្រសួងការពារជាតិហុងគ្រី។ លោករដ្ឋមន្ត្រីបន្ថែមថា រ៉ាដាយោធាហុងគ្រី ចាប់បានសញ្ញាយន្តហោះភ្លាមៗ ខណៈយន្តហោះប្រយុទ្ធរបស់យោធាត្រៀមលក្ខណៈជើងការចំនួន២គ្រឿង ត្រូវបានបញ្ជាឱ្យហោះចេញជាប្រញាប់ ដើម្បីស្ទាក់ចាប់។ បន្ទាប់ពីត្រូវយន្តហោះប្រយុទ្ធរបស់យោធាហោះដេញតាម និងស្ទាក់ យន្តហោះ Cessna នោះក៏បានធ្លាក់ចុះរងការខូចខាតនៅក្នុងវាលផ្កាឈូករ័ត្ន ជិតតំបន់ ជឺរ៉េន (Gerjen)។ ពេលនោះ ក្រុមយន្តហោះប្រយុទ្ធ បានហោះក្រឡឹងពីលើដើម្បីការពារ និងឃ្លាំមើល រហូតដល់ក្រុមសង្គ្រោះមកដល់។

អ្នកបើកបររូបនោះ បានរងរបួសស្រាលក្នុងពេលចុះចត ហើយបានដើរកាត់វាលផ្កាឈូករ័ត្នសំដៅទៅកាន់ផ្លូវនៅក្បែរនោះ។ តាមសេចក្តីប្រកាសព័ត៌មានដដែលរបស់មន្ត្រីនគរបាល មានអ្នកបើករថយន្តម្នាក់បានបើកឆ្លងកាត់ និងបានឈប់ជួយ បន្ទាប់ពីជនសង្ស័យស្ទាក់សុំជំនួយ ប៉ុន្តែបុរសវ័យ២៤ឆ្នាំរូបនោះ បែរជាព្យាយាមប្លន់យករថយន្តនោះ ដើម្បីបើករត់គេចខ្លួនទៅវិញ។ យ៉ាងណា ម្ចាស់រថយន្តបានរារាំងយ៉ាងសកម្ម ហើយសមត្ថកិច្ចដែលចុះអន្តរាគមន៍បានមកដល់ និងឃាត់ខ្លួនជនសង្ស័យភ្លាមៗ។ អាជ្ញាធរបញ្ជាក់ថា ជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ហើយប៉ូលិសកំពុងស៊ើបអង្កេតបន្ថែមទៀត ថាតើបុរសនោះបានប្រើប្រាស់សារធាតុញៀដែរ ឬយ៉ាងណា? បច្ចុប្បន្ន អាជ្ញាធរកំពុងស៊ើបអង្កេតយ៉ាងលម្អិត ជុំវិញការលួចយន្តហោះនេះ ដោយបានសហការជាមួយមន្ត្រីអាកាសចរណ៍ និងអ្នកជំនាញ ខណៈជនសង្ស័យត្រូវបានឃុំខ្លួន ដែលរូបគេនឹងប្រឈមមុខពីបទចោទប្រកាន់ជាច្រើនករណីផងដែរ៕





