
រដ្ឋធានីប៉េកាំង៖ ក្រោយមហាគ្រោះទឹកជំនន់ដ៏កំណាច បង្កឡើងដោយការរលំបាកផ្ទាំងទឹកកកយ៉ាងគំហុក បណ្ដាលឱ្យកើតមាននៅសោកនាដកម្ម សម្លាប់មនុស្ស និងបន្ដបាត់ខ្លួនរាប់ពាន់នាក់ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ នៅតាមព្រំដែន រវាងប្រទេសនេប៉ាល់ និងតំបន់ស្វយ័តទីបេត៍ (Tibet) នោះមក ប្រទេសចិន បានចំណាយពេលត្រឹមមួយសប្ដាហ៍ ជួសជុលផ្លូវទៅកាន់ព្រំដែនហ្គីរ៉ុង (Gyirong) រវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមសារព័ត៌មាន Independent បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា...។

ការឆ្លងកាត់ព្រំដែនត្រូវបានកាត់ផ្ដាច់ ដោយសារតែផ្ទាំងទឹកកកបាក់រលំបាកមកលើព្រំដែន វាងប្រទេសនេប៉ាល់ និងតំបន់ស្វយ័តទីបេត៍ (Tibet) កាលពីថ្ងៃទី២៦ ខែសីហា ដែលបានរុញច្រានដុំទឹកកក ថ្ម និងភក់ល្បាប់ តាមជ្រលងភ្នំនៅខាងក្រោម បង្កឱ្យមានសោកនាដកម្ម សម្លាប់មនុស្ស និងបាត់ខ្លួនរាប់ពាន់នាក់។ ចំណុចព្រំដែននេះ ជាផ្លូវតភ្ជាប់ដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូន រវាងប្រទេសចិន និងនេប៉ាល់ នៅក្នុងតំបន់ជួរភ្នំហិមាល័យ។ ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ត្រូវឆ្លងកាត់តំបន់ភ្នំ ទៅកាន់ទីក្រុងរ៉ាស៊ូវ៉ាហ្កាទី (Rasuwagadhi) ស្ថិតនៅជាប់នឹងព្រំដែន ប្រទេសនេប៉ាល់។ ការខូចខាតផ្លូវនេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ក្រុមជួយសង្គ្រោះ ធ្វើដំណើរទៅកាន់តំបន់មួយចំនួន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត នៅផ្នែកខាងប្រទេសចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា ផ្នែកចុងក្រោយនៃផ្លូវនេះ បានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃពុធទី២ ខែកញ្ញា ខណៈក្រុមជួយសង្គ្រោះជាច្រើនក្រុម បានចុះទៅដល់ទីតាំងនោះ ដើម្បីពន្លឿនការស្វែងរកអ្នកដែលនៅបន្តបាត់ខ្លួន។ ក្នុងពេលជាមួយគ្នា គេជឿថា មានកម្មករជាង៦០០នាក់ កំពុងជាប់នៅក្នុងបណ្តាញផ្លូវរូងក្រោមដី ដែលពោរពេញដោយភក់ល្បាប់ នៅតាមការដ្ឋានវារីអគ្គិសនី តាមបណ្តោយទន្លេទ្រីស៊ូលី (Trishuli) ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀត នៅមិនទាន់ដឹងពីជោគវាសនារបស់ពួកគេនៅឡើយ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយនេប៉ាល់ បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់ជាង១០០០នាក់ និងប្រហែលល៤០០០នាក់ផ្សេងទៀត កំពុងបន្ដបាត់ខ្លួន ក្នុងនោះ មានជនបរទេសចំនួន៥៨៣នាក់។

លោក បាឡែនដ្រា សាហ៍ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់ ថ្លែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍ថា មនុស្សចំនួន២៧៩នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីការដ្ឋានវារីអគ្គិសនីទាំងនោះ ហើយក្រុមជួយសង្គ្រោះចម្រុះ រួមមាន កងកម្លាំងមកពីប្រទេសនេប៉ាល់ ឥណ្ឌា និងចិន កំពុងខិតខំប្រឹងប្រែងចូលទៅកាន់កន្លែងរបស់អ្នកដែលជាប់នៅទីនោះ ដោយមានការចូលរួមពីក្រុមអ្នកជំនាញ មកពីប្រទេសកូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ។ លោក ស្ដេផេន ឌូចារីក (Stephane Dujarric) អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បញ្ជាក់ថា មនុស្សជិត៣៥០០នាក់កំពុងរស់នៅក្នុងទីតាំងជម្លៀស ចំនួន២៧កន្លែង ស្ថិតក្នុងស្រុកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺស្រុកនូវ៉ាកូត (Nuwakot) និងស្រុករ៉ាស៊ូវ៉ា (Rasuwa)។ បើតាមសេចក្ដីរាយការណ៍បឋម គ្រោះមហន្ដរាយនេះ បានបន្សល់ទុកកាកសំណល់កម្ទេចកម្ទីថ្ម យ៉ាងតិច២,២លានតោន៕






