
រដ្ឋធានីកៀវ៖ នៅរយៈពេលប៉ុន្មានខែចុងក្រោយនៃសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន កងទ័ពអ៊ុយក្រែន បាននិងកំពុងបង្កើនការវាយប្រហារ ដោយយន្ដហោះគ្មានមនុស្សបើក ឬដ្រូនរយៈចម្ងាយឆ្ងាយ ហោះចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ឥតឈប់ឈរ ខណៈលោកប្រធានាធិបតី វូឡូឌីមៀរ ហ្សេឡែនស្គី ព្រមានអំពីគ្រោះថ្នាក់ដ៏ខ្លាំងក្លា នៅក្នុងដែនអាកាសរបស់រុស្ស៊ី...។

បណ្ដាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅល្ងាចថ្ងៃពុធទី២ ខែកញ្ញានេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានព្រមានថា យន្ដហោះគ្មានមនុស្សបើក ឬដ្រូនរបស់ប្រទេសលោក នឹងធ្វើឱ្យដែនអាកាសរបស់រុស្ស៊ី «លែងមានសុវត្ថិភាពទាំងស្រុង» នៅក្នុងអំឡុងសង្គ្រាមនេះ។ សកម្មភាពវាយប្រហារដោយដ្រូន ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី បានធ្វើឱ្យលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ចោទប្រកាន់រដ្ឋាភិបាលរដ្ឋធានីកៀវ ថាជា«រដ្ឋភេរវកម្ម»។ បច្ចុប្បន្ន ទាំងកងកម្លាំងយោធារុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុងបន្ដបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិក នៅបន្ដជាប់គាំង ទោះជាការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី បានអូសបន្លាយពេលជាងបួនឆ្នាំមកហើយក្ដី។

លោកប្រធានាធិបតី ហ្សេឡែនស្គី បញ្ជាក់ថា៖«ថ្ងៃនេះ យើងចង់ព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងប្រើប្រាស់ដែនអាកាសរុស្ស៊ី ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកដែលនៅតែប្រើប្រាស់ព្រលានយន្តហោះសំខាន់ៗរបស់រុស្ស៊ី ត្រូវប្រុងប្រយ័ត្ន ព្រោះដែនអាកាសរុស្ស៊ី កំពុងក្លាយជាកន្លែងដែលគ្មានសុវត្ថិភាពបំផុត»។ អ៊ុយក្រែន មិនបានគំរាមកំហែងដល់វិស័យអាកាសចរណ៍ស៊ីវិលនោះទេ ពោលគឺវាមិនប៉ះពាល់ដល់យន្តហោះស៊ីវិល សូម្បីតែមួយគ្រឿង។ ប៉ុន្ដែអ៊ុយក្រែន គ្រាន់តែចង់ប្រាប់ទៅវិញថា វត្តមាននៃយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន នឹងមាននៅលើដែនអាកាសរបស់រុស្ស៊ី ក្នុងកម្រិតមួយ ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរបំផុតដល់សុវត្ថិភាពរបស់យន្ដហោះ។

សកម្មភាពចរាចរណ៍ផ្លូវអាកាស នៅតាមព្រលានយន្តហោះនានារបស់រុស្ស៊ី បានរងការរំខានជាញឹកញាប់ ដោយសារតែការហោះចូលមកជិត នៃយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន បានកើនឡើង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗ។ ស្របគ្នានេះដែរ មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡែនស្គី បានព្រមានខ្លាំងៗថា៖«ដែនអាកាសដែលពោរពេញទៅដោយដ្រូន មិនមែនជាកន្លែង សម្រាប់អាកាសចរណ៍ស៊ីវិលនោះទេ។ ដែនអាកាសរបស់ប្រទេសរុស្ស៊ីបច្ចុប្បន្ន គឺសម្រាប់តែដ្រូន..ដរាបណាសង្គ្រាមនៅតែបន្ត»។ ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចាត់ទុកការលើកឡើងរបស់លោក ហ្សេឡែនស្គី ជា«ការប្រកាសអំពីអំពើភេរវកម្មរបស់រដ្ឋ»៕





