
ខេត្តស្វាយរៀង៖ នៅទីបំផុត បុរសឈ្មោះ សុខ ធន់ ដែលគេស្គាល់ថាជាមនុស្សជំនិតរបស់លោក ឈុន ឆាង ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីស្ទាក់ចាប់រថយន្តដឹកក្រណាត់ និងជំរិតទារប្រាក់ដល់ទៅចំនួន៩០០០ដុល្លារអាម៉េរិក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនាពេលកន្លងទៅ....។

ការចាប់ខ្លួនបុរសនេះ ធ្វើឡើងក្រោយពីលោក ដូរ៉ា អង្គប្រទាន តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចេញដីកានៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បង្គាប់ឱ្យបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីកំហែងយកប្រាក់ តាមបណ្ដឹងរបស់ស្រ្តីឈ្មោះ សុខ រ៉ា។ តាមរយៈពាក្យបណ្ដឹង ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី២ ខែសីហា លោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់រថយន្តរបស់ខ្លួនចំនួន២គ្រឿង។

បន្ទាប់មក ស្ត្រីរូបនេះ ក៏បានទៅសួរនាំអំពីការឃាត់រថយន្តរបស់ខ្លួនទាំង២គ្រឿងនេះ តើមានចំណុចខុសឆ្លងត្រង់ណា? ក៏ប៉ុន្តែលោក ឈុន ឆាង មិនបានឆ្លើយតបនោះទេ។ ស្ត្រីដដែលនេះ បន្តថា លោក ឈុន ឆាង បែរជាបង្ខំ និងកំហែងយកប្រាក់ចំនួន១ម៉ឺនដុល្លារ លើថ្លៃរថយន្តទាំង២គ្រឿង។ បន្ទាប់មកទៀត ស្ត្រីរូបនេះក៏បានចរចាគ្នាជាមួយកូនចៅរបស់លោក ឈុន ឆាង រហូតចុះថ្លៃមកនៅត្រឹម៩០០០ដុល្លារ ទើបព្រមព្រៀងឱ្យរថយន្តដឹកទំនិញទាំង២គ្រឿងនោះវិញ នៅថ្ងៃទី៥ ខែសីហា។ ទោះយ៉ាងណា ជុំវិញករណីខាងលើនេះ មហាជនកំពុងតែរង់ចាំមើលថា តើលោក ឈុន ឆាង ជាមេកើយរបស់ជនសង័្សយ អាចគេចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ដែរឬទេ?






