
រាជធានីភ្នំពេញ៖ អ្នករស់នៅជាប់ទន្លេទាំង៣ ដែលរួមមាន ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីថ្ងៃទី៣នេះ ដល់ថ្ងៃទី៥កញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពី២០ដល់៤០ភាគរយ ធ្វើឱ្យកម្ពស់ទឹកទន្លេហក់ទ្បើងជាប់ៗគ្នា ដល់ថ្ងៃទី៦កញ្ញា…។

មន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងថា ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកទ្បើងដល់កម្ពស់ ៩,៦១ម៉ែត្រ, ទន្លេមេគង្គ-ក្រចេះ ទឹកកើនឡើងដល់កម្ពស់២០,៥១ម៉ែត្រ, ទន្លេមេគង្គ-កំពង់ចាម ទឹកកើនទ្បើងដល់កម្ពស់១៣,១៣ម៉ែត្រ, ទន្លេមេគង្គ-អ្នកលឿង ទឹកកើនឡើងដល់កម្ពស់៥,៨១ម៉ែត្រ, ទន្លេបាសាក់-ចតុម្មុខ ទឹកកើនឡើងដល់កម្ពស់៨,២៦ម៉ែត្រ, ទន្លេបាសាក់-កោះខែល ទឹកកើនទ្បើងដល់កម្ពស់៧,១៣ម៉ែត្រ, និងទន្លេសាប-ព្រែកត្តាម ទឹកកើនឡើងដល់កម្ពស់៦,៩៨ម៉ែត្រ។ មូលហេតុនាំឱ្យទឹកទន្លេហក់ទ្បើងខ្លាំងបែបននេះ គឺដោយសារព្យុះទី២៤ ឈ្មោះក្រវាន់ និងព្យុះទី១៨ ឈ្មោះ សូដេល នៅបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់បោកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ និងសមុទ្ទខាងត្បូង។

ស្ថានភាពបែបនេះ ធ្វើឱ្យ តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន១០ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។ ចំណែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកទិសនិរតី និងទិសពាយ័ព្យ មានល្បឿន៧ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និង អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។

រីឯ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿន៨ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ៕



