
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ក្រាបករណីរត់ពន្ធគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ ជាមួយវត្ថុតាងថ្នាំញៀនទម្ងន់ជាងកន្លះគីឡូក្រាម ដែលរៀបចំជញ្ជូនចេញទៅក្រៅប្រទេស...។

ផ្អែកតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានត្រួតពិនិត្យ និងសង្ស័យលើសកម្មភាពមិនប្រក្រតីរបស់ជនសង្ស័យ ជាអ្នកដំណើរភេទប្រុស សញ្ជាតិម៉ាឡេស៊ីម្នាក់ ដែលធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់កោះតៃវ៉ាន់ នៅចំណុចស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីគយ និងរដ្ឋាករ បានរកឃើញកញ្ចប់សារធាតុសង្ស័យជាថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ចំនួន៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប៥៧០ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភាររបស់អ្នកដំណើរខាងលើ។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់ មន្ត្រីគយ និងរដ្ឋាករ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារពាក់ព័ន្ធ ជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀន មានសមត្ថកិច្ចគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕




