កម្ពុជាទទួលបានការគាំទ្រជាអនុប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឆ្នាំ២០២៦-២០២៩
S
Soriya Sou
មួយម៉ោងមុន

ទីក្រុងញូវយ៉ក៖ ប្រទេសកម្ពុជា ត្រូវបានគាំទ្រឱ្យធ្វើជាអនុប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) សម្រាប់អាណត្តិចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៩។ ការគាំទ្រនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងបណ្តាទូតនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប.) នាទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦...។

លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់បណ្តាទូតនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលផ្តល់ទំនុកចិត្តមកលើប្រទេសកម្ពុជា និងបានសម្ដែងការកោតសរសើរដល់ប្រទេសនេប៉ាល់ ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញផលប្រយោជន៍របស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងអាណត្តិជាប្រធានរបស់ខ្លួន។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការ​ត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសហ្កំប៊ី ដែលជាប្រធាន និងសមាជិកដទៃទៀត ដើម្បីរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងសំឡេងរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដូចជាបន្តជំរុញអាទិភាព និងផលប្រយោជន៍រួមរបស់ក្រុម រួមទាំងការត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពទីក្រុងដូហា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែមីនា ឆ្នាំ២០២៧។

សូមជម្រាបថា ទន្ទឹមនឹងទទួលបានគាំទ្រជាអនុប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាក៏កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ផងដែរ និងឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់មានប្រសាស៍ថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាដើម ប៉ុន្តែកម្ពុជាមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីទទួលបានការអនុគ្រោះនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត