
រាជធានីភ្នំពេញ៖ នៅក្នុងវិធានការដ៏ក្ដៅគគុកនៃ«យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬOnline Scams» សមត្ថកិច្ចកម្ពុជា បានសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ បានសរុបជាទឹកប្រាក់ជាង៣០០លានដុល្លារអាម៉េរិក...។

យោងតាមរបាយការណ៍ពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលបានបូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះថវិកាជាង៣០០លានដុល្លារអាម៉េរិក ក្នុងគណនីធនាគារ ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះសបញ្ជាក់ពីការអនុវត្តច្បាប់ប្រកបដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូរហិរញ្ញវត្ថុ និងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជន។

ជាមួយគ្នា ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់។ សមត្ថកិច្ចក៏បានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន៤៤៦ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន៣៩២៧នាក់ រួមមាន មេខ្លោង និងគូកន មកពី២៩សញ្ជាតិ។ ទន្ទឹមនឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ច បានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអាជ្ញាធរ ដែលត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនផងដែរ។ ក្នុងនោះ មានសំណុំរឿងចំនួន៤ករណី ពាក់ព័ន្ធនឹងជនសង្ស័យ១៥នាក់ ត្រូវបានចាត់វិធានការ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ ត្រួតពិនិត្យទីតាំងសង្ស័យសរុប៨៣២ ទីតាំង ក្នុងនោះ បានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន៦៦៣ទីតាំង។ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក(Scam Compounds)ធំៗចំនួន៨៦ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធី ដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន៕




